Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​មន្ត្រី​កាំកុងត្រូល បន្ត​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​កិច្ចការ​ប្រកួត​ប្រជែងរ​បស់​វិស័យ​ឯកជន



ភ្នំពេញ ​៖ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កាំកុងត្រូល និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ថ្មី របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ លោក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​មន្ត្រី​កាំកុងត្រូល បន្ត​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​កិច្ចការ​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​។



មាន​ប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បន្ត​ប្រឹងប្រែង​ត្រួតពិនិត្យ​ទំនិញ​ផ្ទុក​សារធាតុ​គីមី ខូចគុណភាព ឬ ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម​ស្តីពី «​ការគ្រប់គ្រង​ហានិភ័យ​» ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់ ដើម្បី​ការពារ​សុខមាលភាព​ប្រជាជន និង​ភ្ញៀវ​ទេសចរ សំដៅ​ឆ្លើយតប​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ចំណុច​សំខាន់ៗ ពាក់ព័ន្ធ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ធ្វើ​ធុរកិច្ច​ដោយ​សមធម៌ ដែល​បាន​ចែង​នៅក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ ព្រមទាំង​ហានិភ័យ​នានា បណ្តាល​មក​ពី​បញ្ហា​កង្វះ​សុវត្ថិភាព​ចំណីអាហារ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ក្តី​កង្វល់​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ទូទាំង​ពិភពលោក សូម្បីតែ​នៅ​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក​ក្តី​។



បន្ថែម​លើ​នេះ លោក​រដ្ឋ​ម​ន្ត្រី្ក​ក៏បាន​កោតសរសើរ​ដល់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​កន្លងមក​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ជូន​ប្រជាជន និង​ប្រទេសជាតិ និង​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់ បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ប្រេងឥន្ធនៈ​នៅ​បណ្តា​តាម​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​នានា ព្រមទាំង​បង្ក្រាប​រាល់​សកម្មភាព​ធុរកិច្ច​មិន​ស្មោះត្រង់ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​។



«​ខ្ញុំ​ពិតជា​មានការ​ពេញចិត្ត ចំពោះ​ស្នាដៃ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេស​ថ្នាក់ដឹកនាំ និង​មន្ត្រី ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​យ៉ាងសកម្ម ប៉ុន្តែ​យើង​មិន​ត្រូវ​បញ្ឈប់​សកម្មភាព​ត្រឹមនេះ​ទេ ពីព្រោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​អាយុជីវិត​របស់​ជាតិ​! ហើយ​តាមរយៈ​ការ​មក​ដល់​នូវ​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ថ្ងៃនេះ ខ្ញុំ​ស្នើ​មន្ត្រី​របស់​យើង ខិតខំ​បង្កើន​សកម្មភាព​ថែមទៀត ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាជន​» លោក​ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​បន្ថែម​។



សូម​ជម្រាប​ថា នៅក្នុង​ឆ្នាំ​២០១៨ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ និង​សេវាកម្ម​ទូទាំង​ប្រទេស ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ការ​ធ្វើ​ធុរកិច្ច​ដោយ​សមធម៌​។ តាមរយៈ​ការ​ស្កាត់​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​មាត់ច្រក​ព្រំដែន និង​ទីផ្សារ ការ​ចុះ​ត្រួតពិនិត្យ​គុណភាព​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​នានា ព្រមទាំង​ការចុះ​ប្រចាំការ​ឃ្លាំមើល​ទីផ្សារ មន្ត្រី​កាំកុងត្រូល បាន​ប្រមូល​ទំនិញ​មិនមាន​ភាព​អនុលោម មក​ធ្វើ​ការដុត​កម្ទេច​ចោល​រហូតដល់​ទៅ​ជាង ៤៩​តោន ហើយ​បាន​រក​ឃើញ​ស្ថានីយ និង​ដេប៉ូ​ចាក់​ប្រេង​ចំនួន ១៧២ ក្នុងចំណោម ៤៩៩ មាន​កម្រិត​លំអៀង​ផ្នែក​បរិមាណ រីឯ​ស្ថានីយ​ចំនួន ៩​ទៀត មាន​ការលួចបន្លំ​គុណភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu