ភ្នំពេញ ៖ លោក Olivier Klein នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង បានថ្លែងថា ធនាគារ ប្រេដ ប៊ែង (BRED Bank) ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសបារាំង គ្រោងពង្រីកសាខាបន្ថែម នៅតាមបណ្តាខេត្ត ដែលមានសក្តានុពលមួយចំនួនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងរបស់លោក Olivier Klein បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អំពីប្រតិបត្តិការ និងសេវាកម្មទូទៅរបស់ធនាគារ ប្រេដ ប៊ែង ទាំងប្រភេទហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ (ការបណ្តុះបណ្តាលសហគ្រិនភាព ការប្រឹក្សាយោបល់ជូនវិស័យ SME និងការចងក្រងបណ្តាញធុរកិច្ច)។
លោកនាយកប្រតិបត្តិ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង បានផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារ ដល់វិស័យឯកជន ដែលនៅក្នុងនោះជាង ៨០% គឺជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ។ លោក Olivier Klein បានស្នើសុំយោបល់ពី លោក រដ្ឋមន្ត្រី ទាក់ទងផែនការពង្រីកវត្តមានសាខាធានាគារ ប្រេដ ប៊ែង បន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ SME នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ លោក Olivier Klein ដែលបានទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបានជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីតាំងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងវិស័យ SME ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងបានពន្យល់អំពីគោលនយោបាយគាំពារវិនិយោគ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបលោកនាយកប្រតិបត្តិ អំពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលផ្តោតសំខាន់លើការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលស្រូវ ដំឡូងមី បន្លែ មាន់ស្រែ និងសូត្រប្រណិត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករក្រីក្រ និងបានស្នើធនាគារ ប្រេដ ប៊ែង ជួយគាំទ្រគម្រោងនេះ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងការអភិវឌ្ឍសហគ្រិនភាព ព្រមទាំងប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ដល់សមាគមកសិករ ក្នុងការពង្រីកមុខរបរ ដោយផ្អែកលើប្រតិបត្តិការដែលមានកិច្ចធានា (ប្រើប្រាស់ផែនការអាជីវកម្ម កសិផល និងសម្ភារៈ ជំនួសឲ្យការដាក់ទ្រព្យបញ្ចាំ)។
បន្ថែមលើសនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសន្យាជួយគាំទ្រប្រតិបត្តិការរបស់ធនាគារ ប្រេដ ប៊ែង និងបានសំណូមពរ លោក Olivier Klein ជួយកៀងគរវិនិយោគិនបារាំង ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងពន្លឿនការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ៕
Source: Kampuchea Thmey Daily
0 Comments