Ad Code

លោក ត្រាំ និយាយថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​កំពុង​ចរចា​គ្នា​អំពី​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល​បន្ទាប់



ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការចរចារ​កំពុង​ប្រព្រឹត្តទៅ​ស្តីអំពី​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​បន្ទាប់​របស់គាត់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​

លោក ត្រាំ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក គីម នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​បានទទួល “​លិខិត​ដ៏​អស្ចារ្យ​មួយ​” ពី​មេដឹកនាំ​កូរ៉េខាងជើង​ប៉ុន្តែ​បាន​បដិសេធ​បញ្ចេញ​ខ្លឹមសារ​របស់​លិខិត​នេះ​។​

លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​កំពុង​ចរចា​អំពី​ទីតាំង​មួយ​”​។​
​លោក​បាន​និយាយ​អំពី​ជំនួប​កំពូល​មួយ​ជាមួយ​លោក គីម ថា “​វា​នឹងត្រូវ​បានប្រកាស​ប្រហែលជា​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​ខាងមុខ​។ ពួកគេ​ចង់​ជួប​ហើយ​យើង​ក៏​ចង់​ជួប​ដែរ​។ យើង​នឹង​ឃើញ​អ្វីដែល​នឹង​កើតឡើង​”​។ លោក​បន្ថែមថា “​យើង​មានការ​សន្ទនា​ដ៏​ល្អ​ជាមួយ​កូរ៉េខាងជើង​”​។​

លិខិត​ចុងក្រោយ​មកពី​លោក​គីម​បាន​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ព្រមាន​នៅក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ថា ក្រុង​ព្យុងយ៉ាង​អាច​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ខ្លួន​ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ​ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​។​

លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការដាក់ទណ្ឌកម្ម​នៅតែមាន​ប្រសិទ្ធភាព​និង​ពេញលេញ​ហើយនឹង​បន្តធ្វើ​ដូច្នេះ​រហូតដល់​សហរដ្ឋ​អាមេរិក​មើលឃើញ​លទ្ធផល “​វិជ្ជមាន​”​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​រវាង​គូសត្រូវ​យូរអង្វែង​ទាំងពីរ​កាលពី​ខែមិថុនា លោក​ត្រាំ​និង​លោក​គីម​បាន​ព្រមព្រៀងគ្នា​ធ្វើការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​មាន​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​ទេ​ស្តីពី​អត្ថន័យ​នេះ​។​

សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មុនពេល​សម្ពាធ​សេដ្ឋកិច្ច​ត្រូវបាន​ប​ន្ថូ​រ​បន្ថយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu