Ad Code

​ប្លន់​បាន​សម្រេច​ជាង​១​ម៉ោង ត្រូវ​សមត្ថកិច្ច​​​ចាប់​ខ្លួន​បាន​ដដែល​



​កំពង់ឆ្នាំង ​៖ ចោរប្លន់​វ័យក្មេង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​ ស្រាវជ្រាវ​ដេញតាម​ចាប់ខ្លួនបាន​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​បាន​លុយ​ជាង​៧​លាន​រៀល ​នៅក្នុង​កន្លែង​វេរ​លុយ​មួយ​កន្លែង។

ករណី​ប្លន់​លុយ​នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បានឲ្យ​ដឹងថា​ ជនសង្ស័យ​នោះ​មាន ឈ្មោះ ផាន់ សុខ​ភ័​ស្ត (​ហៅ​ជា​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំង បច្ចុប្បន្ន​រស់នៅ ភូមិ​ខ្សា​ម សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា​ មុនពេល​កើតហេតុ​ ជនល្មើស​បាន​ដក​កាំបិត​ភ្ជង់​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​វេរ​លុយ​ឲ្យ​នៅ​ស្ងៀម ហើយ​ទាញ​ថតតុ​ស្រវា​បាន​លុយ​ប្រមាណ​៧​លាន​រៀល ដាក់​ចូល​ថង់​ខ្មៅ​មួយ ហើយ​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ បើក​រត់​ទៅ​ទិស​ខាង​ទៅ​កើត​ តាម​បណ្ដោយ​ផ្លូវ​ខេត្ត​ លេខ​៥០C ឆ្ពោះ​ទៅ​ដី​ខេត្ត​កំពង់ធំ។​

ប៉ុន្តែ​ក្រោយពេល​កើតហេតុ ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ស្រែក​ចោរៗ និង​ប្រដេញ​ម៉ូតូ​តាម​ពី​ក្រោយ​រហូត និង​ធ្វើ​ឲ្យ​ជនល្មើស​ភិតភ័យ​ផ្ដួល​ម៉ូតូ បោះ​កាំបិត​ចោល រួច​រត់​ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្រោម​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង។

ដោយមាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​ស្រុក សមត្ថកិច្ច​នគរបាល​ស្រុក​ យោធា​ស្រុក កងរាជ​អាវុធហត្ថ​ស្រុក ​និង​ប្រជា​ការពារ​ផង​នោះ បានធ្វើការ​ឡោមព័ទ្ធ​កន្លែង​លាក់ខ្លួន​របស់​ជនល្មើស រហូត​ដល់​ម៉ោង​ប្រមាណ​២២​និង​០០​យប់​ថ្ងៃ ទើប​ចាប់ខ្លួន​ជនល្មើស​បាន។​

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅពេល​ចាប់ខ្លួន​ជនល្មើស​បាន សមត្ថកិច្ច​ដកហូត​បា​ន​ដាវ​មួយ ទូរស័ព្ទ​ដៃ​មួយ ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង និង​យកលុយ​បានមក​វិញ​ចំនួន​៦​លាន​៣០​ម៉ឺន​រៀល។

ចំណែក​ជនល្មើស និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​កំពុង​កសាង​សំណុំរឿង ដោយ​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី​០៧​មករា​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕
​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu