Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ប្តេជ្ញា​មិន​ឲ្យ​ប្រវត្តិសាស្ត្រ​សាដាន​កើតឡើង​ជាថ្មី​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ



ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តេ​ជ្តា​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​សាដាន​កើតឡើង​វិញ​ឡើយ​នោះ​គឺ​ការ​បែកបាក់​ជាតិ ដែល​កើត​ចេញពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើជា​ឧបករណ៍​ដើម្បី​សម្រេច ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន​ដោយ​ពុំ​គិតដល់​ជោគវាសនា​របស់​ជាតិ​។



ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ​ទៅកាន់​ជនរួមជាតិ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់​នៅក្នុង​មហា​មិ​ទ្ទីង​រំលឹក​ខួប​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា​ដែល​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​មហា​ឡា​រឹក​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពេជ្រ នា​ព្រឹក​ថ្ងៃទី ៧ មករា​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​វ​បានលើកឡើង​ជម្រាប​ជូន​ជនរួមជាតិ​ថា​ លើ​មូលដ្ឋាន​នៃ​កម្មវិធី​នយោបាយ​ដែល​ទទួល​បាន​នូវ​ការគាំទ្រ​ដ៏​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នៅក្នុង​ការបោះឆ្នោត​នា​ខែកក្កដា​ឆ្នាំ​២០១៨ កន្លងទៅ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​នូវ របៀបវារៈ អភិវឌ្ឍន៍​ជាតិ​ដ៏​ស៊ីជម្រៅ​និង​ទូលំទូលាយ​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ដែល​សម្តេច​បានដាក់​ចេញ​ដោយផ្ទាល់​ដោយ​មិន ទុក​ឲ្យ​ស្ថានភាព​អាក្រក់​ណាមួយ​មក​បង្ក​ជា​ឧបសគ្គ​រារាំង​ដល់​ការសម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​យើង​នោះឡើយ​។



​ជាមួយគ្នានេះ​រាជរដ្ឋាភិបាល​បាន​បើកទូលាយ​នូវ​កិច្ចសន្ទនា​ដ៏​ស្មោះស​ជាមួយ​បណ្ដា​គណបក្សនយោបាយ​ស​ង្គ​ម​ស៊ីវិល​និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់​សំដៅ​ប្រមែប្រមូល គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព​ដោយ​គ្មាន​ការបែងចែក​រើសអើង​ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ចការ​កសាង​និង​អភិវឌ្ឍ​ជាតិ​។

ភាព​កក់ក្តៅ​សុខដុមរមនា​និង​ការ​រីកចម្រើន​នៃ​សង្គមជាតិ​កើត​ចេញ​ពី​ទឹកចិត្ត​ចេះ​យោគយល់​និង​ការ​ចេះ​អធ្យាស្រ័យ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​គ្រប់​និន្នាការ​និង​ការ​ចេះ​ធ្វើការ​ងារ​និង​ការ​ហ៊ាន​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា​និង​ពី​ការគោរព​ប្រតិបត្តិ​ច្បាប់​ទាំងអស់គ្នា​។ ប៉ុន្តែ​មាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​យើង​មិនអាច​ឲ្យ​កើតមាន​សាដាន​ឡើងវិញ​បានទេ​នោះ​គឺ​ការ​បែកបាក់​ជាតិ​មាន​ប្រភព​ពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើជា​ឧបករណ៍​ដើម្បី​សម្រេច​ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន​ដោយ​ពុំ​គិតដល់​ជោគវាសនា​របស់​ជាតិ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ជំនឿ​ថា ​សង្គម​កម្ពុ​ជាមួយ​ដែល​មាន​លក្ខណៈ​សេរី​បើកចំហ​និង​គោរព​តម្លៃ​មនុស្ស​និង​ផ្ដល់​ថាមពល​គ្មាន​កំណត់​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​ចូលរួម​ស្ថាបនា​ជាតិ​ជាពិសេស​សម្រាប់​ស្រទាប់​យុវវ័យ​ដ៏​ច្រើន​កុះករ​ដែល​បាន​ទទួល​ការបណ្ដុះបណ្ដាល​នៅ​គ្រប់​កំរិត​ព្រមទាំង​បាន​ទទួល​នូវ​មរតក​ស្នាដៃ​ចំណេះដឹង​គំនិត​បញ្ញា​រួម​ជាមួយនឹង​បទពិសោធន៍​ពី​អ្នក​ជំនាន់​មុន​និង​ដែល​កំពុង​បង្ហាញ​នូវ​ភាពស្​វាហាប់​ក្នុង​ការ​បំពេញការងារ​គ្រប់​ផ្នែក​នៅ​ទូទាំង​ប្រទេស​ទាំង​ក្នុង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​។



ជាមួយនឹង​ការ​ខិតខំ​ពុះពារ​ប្រឹងប្រែង​ឥត​សំចៃ​កម្លាំងចិត្ត​ប្រាជ្ញា​និង​ស្មារតី​។​ យើង​ពិតជា​នឹង​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម​និង​ការ​កសាង​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ​និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌​និង​សេចក្ដី​ស្រលាញ់​ដោយ​គ្មាន​ការ​កើតឡើង​ជាថ្មី​នៅ​សង្គ្រាម​អំពើ​ប្រល័យពូជសាសន៍​និង​ការ​បែង​បាក់​ផ្ទៃក្នុង​ជាតិ​ដូច​ពេលមុន​ទៀត​។ ក្នុង​ស្មារតី​នេះ​យើង​ប្ដេជ្ញា​ដាច់ខាត​ថែរក្សា​ឲ្យ​បាន​គង់វង្ស​និង​រឹងមាំ​នូវ​សុខ​សន្តិភាព​និង​រាល់​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដែល​សម្រេច​បាន​មក​ដោយ​លំបាកលំបិន​ជាមួយនឹង​ពលី​កម្ម​ដ៏​ធំធេង​មិន​ឲ្យ​កម្លាំង​ណា​មក​បំផ្លាញ​បានឡើយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ទើប​ធានាបាន​សន្តិភាព ស្ថិរភាព ចីរកាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu