ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្ដីជូនដំណឹងអំពើអាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមមានកំណើនឡើងវិញ (កើនកំដៅ) ចាប់ពីស្អែករហូតដល់ថ្ងៃទី៥ ខែកុម្ភៈ បន្ទាប់ពីសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល។
ក្រសួងធនធានទឹកបានឲ្យដឹងថា រយៈពេល ប៉ុន្មាន ថ្ងៃ កន្លងមកនេះ អាកាសធាតុនៅកម្ពុជា បានចុះត្រជាក់ ជាបន្តបន្ទាប់។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុជាថ្មី ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមមានកំណើនឡើងវិញ (កើនកំដៅ) បន្ទាប់ពីសម្ពាធខ្ពស់នៅប្រទេសចិន ចាប់ផ្ដើមថយចុះឥទ្ធិពល។
យោងតាមការព្យាករណ៍ឲ្យដឹងថា បណ្ដាខេត្តនានានៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ មានសីតុណ្ហភាពអប្បបរមាមានពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣២អង្សាសេ។ សម្រាប់បណ្ដារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-២៥អង្សាសេ។ ក្នុងនោះតំបន់ជាប់ដងទន្លេ, តំបន់ជុំវិញបឹងទន្លេសាប, តំបន់ខ្ពង់រាប និងតំបន់ភ្នំ នឹងមានចុះអ័ព្ទនៅពេលព្រឹក៕
Source: Kampuchea Thmey Daily
0 Comments