ព្រះវិហារ ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធានបាននឹងកំពុងធ្វើសកម្មភាពជួសជុល ថែទាំផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូយ៉ាងសកម្មនៅទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋបានស្រួល។
ជាក់ស្តែងនៅពេលនេះ តាមការចង្អុលណែនាំពីលោកទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ ក្រុមការងារជួសជុលផ្លូវនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងជួលជុល ថែទាំផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវជាតិលេខ ៩៥ ប្រវែងជាង៣០០០ម៉ែត្រ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងថា នៅថ្ងៃទី ២៨ មករា២០១៩ ក្រុមការងារបាននឹងកំពុងជួសជុលផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវជាតិលេខ ៩៥ ប្រវែង ៣៣០០ម៉ែត្រ ពីគីឡូម៉ែត្រលេខ៣៣+៧០០ ដល់គីឡូម៉ែត្រ៧០០+០០ ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងដាក់លូកាត់ទទឹងថ្នល់ចំនួន ០២កន្លែងផងដែរ ដែលអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោកសំ លាងទ្រី បានឲ្យដឹងទៀតថា ចំពោះការជួលជុល ថែទាំផ្លូវនេះ ក្រុមការងាររបស់មន្ទីរបានចែកចេញជាច្រើនក្រុមធ្វើសកម្មភាពរាល់ថ្ងៃ មិនថា ផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលគ្រោះក្រហមនោះទេ។
លោក សំ លាងទ្រី ជារឿយៗតែងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរខេត្តព្រះវិហារក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ពោល គឺបើមានចំណុចណាមានភាពអសកម្មសូមជួយចូលរួមផ្តល់ព័ត៌មានដើម្បីស្ថាបនា។ ដោយឡែកពាក់ព័ន្ធនៅតំបន់ណាដែលមានផ្លូវ ស្ពាន ខូចខាតយោងតាមការណែនាំ ពីលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺសូមផ្តល់ព័ត៌មានមកក្រុមការងារ ដោយប្រាប់ពីភូមិសាស្ត្រច្បាស់លាស់ក្រុមការងារនឹងចុះទៅអនុវត្តការងារនោះភ្លាមៗតែម្តង៕
Source: Kampuchea Thmey Daily
0 Comments