ក្លិបបាល់ទាត់បឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានធ្វើដំណើរទៅរៀបចំកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ (Football Clinic) រយៈពេល០២ថ្ងៃ នៅខេត្តកំពង់ចាម គឺនៅថ្ងៃសៅរ៍ ទី ២៦ និងអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ ចុងសប្ដាហ៍កន្លងទៅនេះ។
យោងតាមការបញ្ជាក់របស់ក្លិបបានលើកឡើងថា ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តដែលជាមូលដ្ឋានកំណើតរបស់ក្លិបនេះ ក្រុមបឹងកេត ធ្វើការប្រកួតមិត្តភាពជាមួយនឹងក្រុមបាល់ទាត់យុវជនភូមិរការ នៅទីលានបាល់ទាត់ខេត្តកំពង់ចាម ហើយក្រោយមកក្រុមកីឡាករ និងគ្រូបង្វឹក បានចូលរួមចែករំលែកបច្ចេកទេសបាល់ទាត់ ដល់យុវជននៅក្នុងខេត្តជាច្រើននាក់និងការលេងហ្គេមកម្សាន្តថែមទៀតផង។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត ធ្លាប់បានលើកឡើងជុំវិញកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់នេះថា៖«ចំណុចសំខាន់ទី១ គឺយើងចង់ចែករំលែកបទពិសោធស្ដីពីបាល់ទាត់ដល់ប្អូនៗនៅខេត្តកំពង់ចាម ក៏ដូចជាខេត្តផ្សេងៗទៀតឲ្យយល់ដឹងកាន់តែទូលំទូលាយពីបាល់ទាត់។ ទី២ គឺបន្ទាប់ពីពង្រឹងពង្រីកពីវិស័យបាល់ទាត់នៅតាមបណ្ដាខេត្តហើយ យើងចង់បង្ហាញខ្លួនយើងឲ្យហ្វេនស្គាល់បានច្រើន។ យើងក៏ចង់បង្ហាញថា យើងក៏មានប្រភពពីខេត្តកំពង់ចាមដែរ»។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញ ក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments