ក្រុមភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) បានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ Leo Pre-Season Cup 2019 ត្រឹមវគ្គ៨ក្រុមចុងក្រោយ នៅប្រទេសថៃព្រមទាំងបានហ្វឹកហាត់និងប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសក្បែរខាងមួយនេះ ដើម្បីពង្រឹងបច្ចេកទេសកីឡាករត្រៀមស្វាគមន៍រដូវកាលថ្មីខាងមុខនេះ។
ក្រុមភ្នំពេញក្រោន បានធ្លាក់ចេញពីពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយចាញ់ក្រុមម្ចាស់ផ្ទះNakornratchasima Mazda FC ៤ទល់០។ ក្រោយធ្លាក់ចេញពីពានរង្វាន់នេះក្រុមភ្នំពេញក្រោន បានបន្តប្រកួតមិត្តភាពវិញ គឺបានយកឈ្នះលើក្រុមArmy Regional 2 របស់ម្ចាស់ផ្ទះថៃ ដោយលទ្ធផល៣ទល់២ ព្រមទាំងបានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Buriram United សមាជិកលីគកំពូលប្រទេសថៃ ៤ទល់១ ខណៈប្រកួតចុងក្រោយបានចាញ់ក្រុមខ្លាំងMuangthong United ៤ទល់១។
សូមរំលឹកថា ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
គេនៅចាំបានថារដូវកាលឆ្នាំ២០១៨ ថ្មីៗកន្លងទៅនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោន ទាត់បញ្ចូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments