ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ ជាការប្រកួតសប្ដាហ៍ទី៣ ជុំទី២ រវាងអ្នកប្រដាល់កម្ពុជាវ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា និងអ្នកប្រដាល់ថៃ Yorth Vandy ហើយ អ្នកប្រដាល់កម្ពុជា សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ជួប អ្នកប្រដាល់ថៃ Deuk Ken។
វ៉ាន់ វឿន និង Yorth Vandy ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ តែយ៉ាងណា វ៉ាន់ វឿន គេមានតែមនិងប្រៀបជាងYorth Vandy ត្រង់គេខ្ពស់ជាងបន្តិច គឺ១,៦៧ម៉ែត្រ ខណៈដែល Yorth Vandy គេ១,៦៥ម៉ែត្រនោះ។ ចំពោះសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែ វ៉ាន់ វឿន ចាញ់បទពិសោធន៍ និងកំណត់ត្រាYorth Vandy ។
Yorth Vandy គេមានកំនត់ត្រាប្រកួតចំនួនតែ៧១លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ៥៨លើក និង ចាញ់១៣លើក មិនដែលស្មើ។ ចំណែក វ៉ាន់ វឿន គេមានកំណត់ត្រាប្រកួត៧០លើក ឈ្នះ៥៦លើក ចាញ់១២លើក និងស្មើ០២លើក។
វ៉ាន់ វឿន គេប្រកួតជុំទី១(១២មករា២០១៩) គេវាយឈ្នះDeuk Ken ក្នុងទឹកទី៣ ដែលធ្វើឲ្យគេបាន៣ពិន្ទុហើយ សម្រាប់ការប្រកួតជម្រុះនេះ។ ចំណែក ការប្រកួតជុំទី១ របស់ Yorth Vandy (១២មករា២០១៩) គឺ ចាញ់ម៉ន សាម៉េត ដោយពិន្ទុ បាន១ពិន្ទុ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះការជួបគ្នារវាង សេន កុសល និង Deuk Ken វិញ ប្រហែលជាមិនពិបាកទស្សន៍ទាយប៉ុន្មានទេ ព្រោះ Deuk Ken នេះ មិនជាខ្លាំងនោះទេ ដែលកាលពីជុំទី១ អ្នកប្រដាល់ថៃរូបនេះ ត្រូវវ៉ាន់ វឿន វាយអោយសន្លប់ក្នុងទឹកទី៣។ ដូច្នេះ សេន កុសល គេប្រហែលជាអាចយកឈ្នះ Deuk Ken នេះបានសម្រាប់ជំនួបជុំទី២នេះ។
សេន កុសល តាមពិតគេមកជំនួស ម៉ន សាម៉េត អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ដែលបានបោះបង់ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវនេះ ដោយសារគេជាប់ប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្តើមពានរង្វាន់TV5 ដែលមិនអាចចោលបាន។
យ៉ាងណា សេន កុសល មកជំនួសកន្លែងម៉ន សាម៉េតនេះ ក៏គេមិនខាតបង់អ្វីដែរ ដោយសារនៅជុំទី១ សាម៉េត បានបន្សល់ទុកឲ្យ៣ពិន្ទុទៅហើយ សម្រាប់ធ្វើដើមទុន ពោលគឺជុំទី១ កុសល បានឈ្នះ១ប្រកួតទៅហើយ។
សេន កុសល គេមានប្រវត្តិប្រកួត៦៤លើក ឈ្នះ៥០លើក ចាញ់១២លើក និង ស្មើ០២លើក។ ឯ Deuk Ken គេមានប្រវត្តិប្រកួតចំនួន៦០លើក ឈ្នះ៤៨លើក ចាញ់១២លើក និងមិនដែលស្មើ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី២នេះ គេរំពឹងថា សេន កុសល នឹងរកបាន៣ពិន្ទុបន្ថែមមិនខាន ក្នុងការជួប Deuk Ken នេះ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៨ ទម្ងន់៥៧គីឡូក្រាម លើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ(ជំនួស ម៉ន សាម៉េត) , វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា , លាភ រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ឯ អ្នកប្រដាល់ថៃ៤នាក់វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak ៕
Source: Kampuchea Thmey Daily
0 Comments