ភ្នំពេញ ៖ គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ថវិកាចំនួន១៤២ពាន់លានរៀល ដែលស្មើនឹងជាង៣៥លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាសម្រាប់ជួយទ្រទ្រង់និរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដោយរក្សាបាននូវគោលការណ៍ ផ្តល់សេវាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាល បាន និងកំពុងរៀបចំនីតិវិធីផ្ទេរថវិកាចំនួនប្រមាណ១០២ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូង របស់រាជរដ្ឋាភិបាលចំនួនជាង៤០ពាន់លានរៀល ដែលបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកន្លងមក។
ជាមួយគ្នានេះដែរអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងចូលរួមបំពាក់សម្ភារៈបរិក្ខារនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ សម្រាប់កុមារ និងទារក ក្នុងអគារថ្មីដែលកំពុងធ្វើការសាងសង់ ក្នុងទីតាំងមន្ទីរពេទ្យគន្ធបុប្ផាទី១។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី១ នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២១មករា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សា លើរបៀបវារៈមួយចំនួន ដូចជា វឌ្ឍនភាពការងារឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាបរធនបាល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំបំពេញការងារប្រកបដោយវឌ្ឍនភាព។
ជាក់ស្តែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមូលនិធិបរិច្ចាគជាសាច់ប្រាក់រួមមានប្រាក់រៀលចំនួន៤៤,៤៦៩,០៣៣,៦៨៧រៀល និងប្រាក់ដុល្លារចំនួន៧,១៦៩,២៦៤ដុល្លារ ជាទ្រព្យសកម្ម ដីមួយកន្លែងទំហំ១,៣៧២ ម៉ែត្រក្រឡា ដែលមានតម្លៃប្រមាណ៨លានដុល្លារ ។
ចំពោះផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពឆ្នាំ២០១៩ ដែលលេខាធិការដ្ឋានបានស្នើឡើង ដោយផ្តល់នូវការណែនាំបន្ថែមលើការងារសំខាន់ៗចំនួន៣ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ,រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានាដើម្បីធ្វើការកៀរគរការបរិច្ចាគឲ្យបានកាន់តែច្រើន និងបង្កើនការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈអំពីមូលនិធិឲ្យបានកាន់តែទូលំទូលាយ។
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងប្រគល់ដីដែលទទួលបានពីការបរិច្ចាគរបស់ អ្នកឧកញ៉ា គិត ម៉េង ទៅជាទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជូនមន្ទីរពេទ្យគន្ធបុប្ផាប្រើប្រាស់ជារៀងរហូត ដោយមិនមានកំណត់ពេលវេលា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យលេខាធិការដ្ឋាន ខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយឲ្យសាធារណជនទូទៅ បានយល់ដឹងអំពីគោលដៅចម្បង នៃការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ត្រៀមបម្រុងសម្រាប់ទ្រទ្រង់និរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដោយរក្សាបាននូវគោលការណ៍ ផ្តល់សេវាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការចូលរួមបរិច្ចាគធនធាន ចូលទៅក្នុងមូលនិធិគន្ធបុប្ផា គឺជាកាយវិការសប្បុរសដ៏ប្រពៃរបស់ជនជាតិកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ នៅក្រោមពាក្យស្លោក «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»៕
Source: Kampuchea Thmey Daily
0 Comments