ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក កេត សោផាន់ បានឲ្យដឹងថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ហើយនឹងជួបជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប និយាយពីបញ្ហា EBA នេះ។
លោក កេត សោផាន់ លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោយពីជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក Scott Ryan ប្រធានព្រឹទ្ធសភារបស់ប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យរូបនោះថ្លែងថា ទាក់ទងបញ្ហាការអនុគ្រោះពន្ធ ពី EBA លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចេញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ហើយនឹងមានជំនួបជាមួយលោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយនៅពេលនោះ លោកឧបនាយករដ្ឋមន្ត្រីនឹងជម្រាបជូនលោកស្រីអំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងអ្វីខ្លះដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើនាពេលអនាគត ទាំងលំហនយោបាយ ក៏ដូចជាសេរីភាពសារព័ត៌មាន និងកិច្ចការផ្សេងៗ ក៏ដូចជាវិស័យការងារ ដែលមានបញ្ហាសហជីពជាដើម ដែលចំណុចទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានឆ្លើយតបចំមុខចំពោះកង្វល់មួយចំនួនរួចហើយ។ នៅពេលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹងជម្រាបជូនស្នងការពាណិជ្ជកម្មអឺរ៉ុបបន្ថែមទៀត។
គួរបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ខាងមុខ តាមការអញ្ជើញរបស់លោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាននៃគណៈកម្មការអឺរ៉ុប។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសមភាគីអឺរ៉ុបនោះ នឹងមានពិភាក្សាគ្នាអំពីវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានផលប្រយោជន៍រួម ដើម្បីសម្រេចនូវគោលបំណងរួមមួយ នៃសមាហរណកម្មតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានគម្រោងនឹងជួបទ្វេភាគី ជាមួយលោក ឌីឌ្យ៉េរ រ៉េនឌ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប របស់បែលហ្ស៊ិក លោកជំទាវ សេស៊ីលីយ៉ា ម៉ាលស្ត្រុម ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប និងជាមួយប្រធានគណៈប្រតិភូផ្សេងៗទៀត។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានក្លាយជាដៃគូសន្ទនាអាស៊ាន នៅឆ្នាំ១៩៧៧ ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងតំបន់ទាំងពីរ បានឈានដល់កំរិតខ្ពស់មួយ ដោយគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាននយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម សង្គម និងការតភ្ជាប់ជាដើម។ ឈរលើភាពជាដៃគូជាច្រើនទសវត្សរ៍មកនេះ កិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ទិសដៅ នាពេលអនាគតនៃតំបន់ទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments