កណ្តាល ៖ ចៅក្រមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី ១៩មករា ឆ្នាំ២០១៩នេះ បាន ចេញដីកាសម្រេចឃុំខ្លួនឃាតកស្រីដែលសម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិដាក់ពន្ធនាគារជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
មាត្រា២០០នៃក្រមព្រហ្មទណ្ឌបានកំណត់ឲ្យផ្ដន្ទាទោសជនត្រូវចោទដាក់ពន្ធនាគារអស់មួយជីវិត។
ឃាតករដែលតុលាការឃុំខ្លួនឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
រីឯរងគ្រោះដែលត្រូវឃាតករសម្លាប់ឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើតស្ថិតនៅឃុំស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ពាក់ព័ន្ធការស្លាប់ជនរងគ្រោះ បើតាមសម្ដីរបស់ក្រុមគ្រួសារបានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ប្ដីរបស់ជនរងគ្រោះបានត្រលប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបើកចំហទៀត។
មួយសន្ទុះក្រោយមកគាត់បានដើរចូលទៅក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ដើរចូលស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផង ប៉ុន្តែប្រពន្ធគាត់បានស្លាប់ទៅហើយ។ ចំណែកឯទូដាក់លុយនិងគ្រឿងអលង្ការមួយចំនួនត្រូវបានបាត់បង់គ្មានសល់ឡើយ។ បន្ទាប់ពីផ្អើលឆោឡោសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវលុះដល់យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ទើបកំណត់បាននូវមុខសញ្ញាជនដៃដល់ក៏ធ្វើដំណើរទៅខេត្តកំពង់ធំ ដោយផ្អែកតាមលទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យឃាតករដៃដល់រួមទាំងវត្ថុតាងនៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ ជនដៃដល់រូបនេះបានសារភាពថា ក្រោយពីខ្លួនបានជាប់ជំពាក់បំណុល លុយកាក់ អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនគេពិបាកចិត្តណាស់ ព្រោះគេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគំរោងថា ធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះបាន ក៏រៀបចំខ្សែអង្រឹងប្រវែងកន្លះម៉ែត្រត្រៀមទុកក្នុងហោប៉ៅខោហើយរកឱកាសសម្លាប់ជនរងគ្រោះ។ បន្ទាប់មកបានធ្វើដំណើរជិះម៉ូតូមកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារហៅជនរងគ្រោះចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះព្រោះជាមនុស្ស រាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំខ្លួនគេចូលមើលកម្រាលពូកថ្មី នៅក្នុងបន្ទប់។
ដោយបានឱកាសមកដល់ ក៏យកខ្សែអង្រឹងរឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញ រឹតកខ្លួនគេរើសបម្រាស់ទម្រាំតែរួច រឹតកវិញនិងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក រួចខ្លួនអង្គុយសំងំនៅខាងក្នុងបន្ទប់ទាល់តែបាត់ហត់ទើបបន្តសកម្មភាព រើកកាយយកខ្សែដៃ០១ខ្សែ យកខ្សែក ០១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយដុល្លារក្រដាស១០០ និងក្រដាស៥០ ក្រដាស២០ខ្លះ ជាមួយ លុយខ្មែរ ដោយមិនបានរើកកាយបើកទូរឈើ និងបើកកាបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវហើយគេចខ្លួនមកស្នាក់នៅខេត្តកំពង់ធំបាន២ថ្ងៃក៏ត្រូវសមត្ថកិច្ចតាមមកចាប់ខ្លួនតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments