Ad Code

ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី​សួរ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពី​ព័ត៌មាន​ដែល​ថា មានការ​អនុញ្ញាត​ឲ្យ​បង្កើត​មូលដ្ឋាន​កងទ័ព​បរទេស



ភ្នំពេញ​ ៖ ការ​លើកឡើង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក Scott Ryan ប្រធាន​ព្រឹទ្ធសភា​របស់​ប្រទេស​អូស្ត្រាលី កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​លោក កេ​ត សោ​ផាន់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា​អូស្ត្រាលី លោក Scott Ryan ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​មក​ចូលរួម​ប្រជុំ​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​២៧ នៅ​ទីក្រុង​សៀមរាប ប្រទេស​កម្ពុជា កាលពី​ថ្មីៗ​នេះ​។



ជា​ការ​ឆ្លើយតប​លោក Scott Ryan បាន​ថ្លែងអំណរគុណ​លោក​ប្រាក់ សុខុន ដែល​ឆ្លៀតពេល​ដ៏​មមាញឹក​ជួប​សំដែង​ការគួរសម​ជាមួយ​លោក​នា​ពេល​នេះ ហើយ​លោក​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​នៅ​ទីក្រុង​សៀមរាប ដោយមាន​ការសម្ដែង​ផ្ទាំងទស្សនីយភាព​វប្បធម៌ និង​មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​យ៉ាង​ល្អប្រសើរ​។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ និង​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​អប់រំ និង​ទេសចរណ៍​ជាដើម​។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ លោក Scott Ryan លើក​ឡើង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ប្រទេស​កម្ពុជា។

តាម​លោក កេ​ត សោ​ផាន់ នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​ជំនួយ​អភិវឌ្ឍន៍​របស់​ប្រទេស​អូស្ត្រាលី ដល់​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា ប្រទេស​អូស្ត្រាលី គឺជា​មិត្ត​ភ័ក្ត្រ​ដ៏​ល្អ​គួរ​ជាទី​ទុកចិត្ត​បាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ក្នុង​តំបន់​។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ប្រា​ប់លោក Scott Ryan អំពី​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ ក៏មាន​ការធ្វើ​អត្ថាធិប្បាយ​ជា​វិជ្ជមាន​ខ្លះ និង​អវិជ្ជមាន​ខ្លះ ទាក់ទង​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត តែមាន​បញ្ហា​ពិត​មួយ​ដែល​មិនអាច​បដិសេធ​បាន គឺ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព និង​គ្មាន​អំពើ​ហិង្សា និង​តម្លាភាព​។ មានន័យថា អ្នកបោះឆ្នោត​មាន​សេរីភាព​ក្នុង​ការ​ទៅ​បោះឆ្នោត​គ្រប់គ្រាន់ ដើម្បី​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន ដោយ​គ្មាន​ការ​គំរាមកំហែង ហើយ​ក្រោយពី​ការបោះឆ្នោត ពាក់ព័ន្ធ​នឹង​សេរីភាព និង​លំហ​នយោបាយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ ដែលជា​ការបង្កើត​ឲ្យ​មាន​លំហ​នយោបាយ ឬ​ពហុ​សេរី​ក្រៅ​សភា​។

តាម​លោក កេ​ត សោ​ផាន់ ដោយហេតុថា លទ្ធផល​នៃ​ការបោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា រាជរដ្ឋាភិបាល​បាន​ខិតខំ​ទ្វេដង ដើម្បី​បំពេញ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។ ចំណែក​ក្រសួងការបរទេស​មាន​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ជំរុញ​ការងារ​ទ្វេដង ជាពិសេស​លើ​ការងារ​ការទូត និង​សេដ្ឋកិច្ច​។



ដោយឡែក​ទាក់ទង​ទៅ​នឹង​ព័ត៌មាន ដែល​លោក Scott Ryan ប្រធានរដ្ឋសភា​អូស្ត្រាលី​លើកឡើង​អំពី​ការអនុញ្ញាត​មាន​មូលដ្ឋានទ័ព​នៅ​កម្ពុជា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា ចំពោះ​បញ្ហា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​លិខិត​ឆ្លើយតប​ទៅ​អនុ​ប្រធានាធិបតី​អាមេរិក​រួចហើយ ដោយបាន​បញ្ជាក់ថា កម្ពុជា​អនុវត្តតាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​របស់​បរ​ទេស​នៅ​ប្រទេស​កម្ពុជា​នោះទេ ហើយក៏​មិន​ត្រូវការ​វត្តមាន​ទ័ព​របស់​បរទេស ដើម្បី​វាយប្រហារ​ទៅលើ​ប្រទេស​ណាមួយ​នោះដែរ​។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ទាក់ទង​បញ្ហា​អតីត​គណបក្សប្រឆាំង និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ដែល​លោក កឹម សុខា ជាដើម​នោះ តើ​លោក Scott Ryan ប្រធានរដ្ឋសភា​អូស្ត្រាលី បានលើកឡើង​ដែរ​ឬ​ទេ ? លោក កេ​ត សោ​ផាន់ បាន​អះអាងថា នៅក្នុង​ជំនួប​នោះ មិនបាន​លើកឡើង​ចំ​ពី​បញ្ហា​បក្ស​ប្រឆាំង ឬ​លោក កឹម សុខា នោះទេ គឺ​គ្រាន់តែ​បានលើកឡើង​ជាទូទៅ​ពី​លំហ​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ប្រាប់​លោក Scott Ryan អំពី​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត និង​ការបង្កើត​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាជាតិ ហើយ​ថ្មីៗ​នេះ រដ្ឋសភា ក៏បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ដែល​បើកឱកាស​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង ទាំង​១១៨​រូប មានឱកាស​ចូលរួម​ក្នុង​ឆាកនយោបាយ​ឡើងវិញ​។ ដូច្នេះ​មានន័យថា បាល់​នៅក្នុង​តារាង​របស់គាត់​ហើយ ស្ថិតនៅលើ​ពួកគាត់ ទាត់ ឬ​មិន​ទាត់ ស្នើសុំ ឬ​មិន​ស្នើសុំ វា​ជា​សិទ្ធិ​របស់​ពួកគាត់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu