Ad Code

ក្រុម​និស្សិត​កូរ៉េ ​ចូលរួម​សម្ដែង​របាំ​បែប​ប្រពៃណី​បុរាណ​កូរ៉េ ​និង​រាំ​បែប​ទំនើប K-POP ដើម្បី​អបអរ​សាទរ​ទិវា​៧​មករា​



​ភ្នំពេញ ​៖ ​ក្រុមនិស្សិត​កូរ៉េ​មកពី​សាកលវិទ្យាល័យ Inje University នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​បង្កើត​នូវ​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា ​និង​កូរ៉េ ដោយ​បាន​សម្ដែង​នូវ​របាំ​បែប​ប្រពៃណី​បុរាណ​កូរ៉េ​និង​រាំ​បែប​ទំនើប K-POP​ ដើម្បី​អបអរសាទរ​ទិវា​៧​មករា​។​
​ ​
ការសម្តែង​នេះ​បាន​ធ្វើឡើង​នៅក្នុង​ខេត្តកំពង់ធំ ខណៈ​ក្រុមនិស្សិត ​និង​គ្រូ​កូរ៉េ​បាន​ចុះមក​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សាលាបឋមសិក្សា កំពង់ធំ​ក្រុង​ ស្ថិតនៅ​សង្កាត់​កំពង់ធំ​ក្រុង​ស្ទឹងសែន​ខេត្ត​កំពង់ធំ​ចាប់ពី​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ រហូតដល់​ថ្ងៃទី​១៣ ​ខែ​មករា​ ឆ្នាំ​២០១៩។​

ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​សាស្ត្រាចារ្យ Ph.D. Kin Sungsoo ប្រធាន​សាកលវិទ្យាល័យ Inje Uni versity បាន​ដឹកនាំ​និស្សិត​សកលវិទ្យាល័យ​នេះ ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​យក​បទ​ពិសោធន៍ ​និង​ស្វែងយល់ ​ព្រមទាំង​ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា កំពង់​ធំ​ក្រុង។​

ក្រុម​នេះ​បាន​ជួយ​ជួសជុល អគារសិក្សា បំពាក់​ឧបករណ៍​ក្មេង​លេង​ចាក់​បេតុង​ផ្លូវ​ចូល​សាលា បំពាក់​សម្ភារៈ​សិស្ស សម្រាប់​ការិយាល័យ និង​សំអាត​ទីធ្លា​សាលា លាបថ្នាំ​ថ្មី​១​អគារ ​មាន​៣​បន្ទប់ គូ​រូប​លម្អ​សាលា​សម្រាប់​ក្មេង ធ្វើ​តារាង​បាល់ ចាក់​ដី​បំពេញ​ទីធ្លា​សាលា ព្រមទាំង​បាន​ជួយ​អង្ករ និង ធ្វើ​ម្ហូប​អាហារ​ដល់​កុមារ ចំនួន​៥០០​នាក់ ​នៅក្នុង​អង្ក​ការដែល​(DAIL)​ នៅ​ក្នុង​ខេត្ត​សៀមរាប​ផងដែរ​។​

សម្រាប់​ទស្សនកិច្ច​សិក្សា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ដល់ ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ សាកល​វិទ្យាល័យ​នេះ​បាន​ចុះមក សាលាបឋមសិក្សា កំពង់ធំ​ក្រុង​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Yang Yeong Ae សហការ​ជាមួយ​អង្គការ​សេវាកម្ម​ដើម្បី​សន្តិភាព​កម្ពុជា ដែល​មាន ​លោក ហួរ ឡុង​ផេង ជា​ប្រធាន​អង្គការ បាន​នាំយក​និស្សិត​កូរ៉េ​មក​ចុះ​កម្មសិក្សា​ចំនួន​៣០​នាក់ ស្រី​ចំនួន​១៨​នាក់ គ្រូ​២​នាក់​និង​និស្សិត​កម្ពុជា​យើង​ចំនួន​៧​នាក់​ផង​ដែរ​។​

ក្រុម​និស្សិត​ទាំងនេះ​បាន​ចុះ​ជួយ​អប់រំ​ផ្នែក​អនាម័យ សិក្សា​សង្គម កីឡា​សម្ព័ន្ធ និង​ជួយ​ធ្វើ​ផ្លូវ​បេតុង ដាក់​ឧបករណ៍​ក្មេង​លេង ចាក់ដី ធ្វើ​ទីលាន​កីឡា នៅ​ក្នុង​សាលាបឋមសិក្សា​កំពង់ធំ​ក្រុង​នេះ និង​ផ្តល់​នូវ​សម្ភារៈ​សិក្សា​មួយចំនួនទៀត ​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ និង​ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​ការ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ បើទោះបី​ជា​មាន​សញ្ជាតិ និង ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ ប្រយោជន៍​ គឺ​ដើម្បី​បង្កើត​នូវ​សន្តិភាព​ជា​សកល​នៅ​លើ​ពិភពលោក និង ការចូលរួម​សកម្មភាព​ជួយ​ដល់​សហគមន៍​ក្រីក្រ ព្រមទាំង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ ​និង​សេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
​ ​
សូម​រំលឹក​ថា​ ចាប់ពី​ឆ្នាំ​២០១០ មកដល់​បច្ចុប្បន្ន សាកលវិទ្យាល័យ​មាន​គម្រោង ​និង​ជួយ​ដល់​សាលា​បឋម​សិក្សា​នានា ដោយ​ជួយ​សាងសង់​នូវ​បង្គន់​ និង​ប្រព័ន្ធ​ទឹក​ស្អា​ត​សម្រាប់​សិស្សានុសិស្ស​ប្រើ​ប្រាស់​ជាប្រចាំ​ថ្ងៃ​ ដែល​អាច​ពិសា​បាន​នៅ​ក្នុង​សាលា​ថែមទៀត​ ព្រោះថា​សាកលវិទ្យាល័យ​ មក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ជាមួយ​អ្នកស្ម័គ្រចិត្ត​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ ដើម្បី​លើក​កម្ពស់​កំណើន​ និង​ការអភិវឌ្ឍន៍​រប​ស់​បុគ្គល​ និង​សហគមន៍​តាមរយៈ​បទពិសោធន៍​ចែក​រំលែក​ នៃ​សេវាកម្ម​ស្ម័គ្រចិត្ត​។​

ដោយមាន​ការ​គាំទ្រ​ពី​សេវា​សន្តិភាព​សហគមន៍​នៅ​ទូទាំង​ពិភពលោក​ នឹង​ក្លាយ​ជា​គំរូ​ នៃ​ការ​អភិវឌ្ឍន៍​តាម​សហគមន៍​ដោយ​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ធ្វើការ​ជាមួយគ្នា​ ដើម្បី​បំពេញ​នូវ​ចក្ខុវិស័យ​រួមគ្នា​នៃ​សុខុមាលភាព​។​ហើយក៍​ដើម្បី​សិក្សា​ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​គឺ កម្ពុជា​-​កូរ៉េ ក្នុង​ការ​រួមចំណែក​ជួយ​នៅក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​នៅពេល​កន្លងមកនេះ យើង​បាន​ចុះ​តាម​ស្រុក​មួយចំនួន​នៅក្នុង​ខេត្តកំពង់ធំ​មានដូចជា នៅ​ក្រុង​ស្ទឹងសែន ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក ​និង​តាម​បណ្តា​ខេត្ត​នានា ជាដើម ហើយ​ក៏បាន​ចុះជួយ​នៅតាម​សា​សា​បឋមសិក្សា សហគមន៍​ក្រីក្រ មជ្ឈមណ្ឌល​កុមារ​កំព្រា មជ្ឈមណ្ឌល​ជន​ពិការ មជ្ឈមណ្ឌល​ពេទ្យ​កុមារ​រស់នៅ​ដោយមាន​ផ្ទុកមេរោគ​អេដស៍ ឧបត្ថម្ភ​នូវ​សម្ភារៈ​សិក្សា​មួយ​ចំនួន ដូចជា សម្ភារៈ​សម្រាប់​សិស្ស​សិក្សា​ និង​សម្ភារៈ​កីឡា​មួយ​ចំនួន​ទៀត​ដល់​សាលា​ និង​មជ្ឈមណ្ឌល​ផ្សេងៗ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu