Ad Code

អាជ្ញាធរ​ ចុះ​បិទ​ទីតាំង​ហាង ខារ៉ាអូខេ PRO KTV ក្រោយ​ពី​រក​ឃើញ​ថា ​ទីតាំង​នោះ ផ្តល់​ជា​កន្លែង ជួញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​



ភ្នំពេញ​ ៖ ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ PRO KTV ដែល​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ផ្ទះ​លេខ​៧៥៧ និង​៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន អាជ្ញាធរ​សម្រេច​ចុះ​បិទ​បញ្ឈប់​លែង​ឲ្យ​ធ្វើ​អាជីវកម្ម កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩​​ បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​រកឃើញ​ទីតាំង​នោះ ផ្តល់​ជា​កន្លែង​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន ជនសង្ស័យ​៥៨​នាក់ ជាមួយនឹង​ថ្នាំញៀន​មួយចំនួន​។​

អាជ្ញាធរ ក្រុងភ្នំពេញ ដែល​បាន​ចុះ​បិទ​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រួចមក ទីតាំង​ខាងលើនេះ មិន​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទៀត​ទេ ព្រោះ​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​ករណី​គ្រឿងញៀន​ម្តង​រួចមកហើយ ប៉ុន្តែ​ទីតាំង​នេះ នៅតែ​បន្ត​បើក ដោយ​គ្មាន​ច្បាប់ រហូតដល់ យប់​ឈានចូល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល បង្ក្រាប​ទីតាំង អាជីវកម្ម​ខារ៉ាអូខេ PRO KTV ដែល​ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ផ្ទះ​លេខ​៧៥៧ និង​៧៥៨ ស្ថិតនៅ​ក្រុម​២៦ ភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ​ដោយ​បាន​ឃាត់ខ្លួន ជន​សង្ស័យ​៥៨​នាក់ ជាមួយនឹង​ថ្នាំញៀន​មួយចំនួន រួមទាំង​ម្ចាស់​ទីតាំង ជា​ជនជាតិ​បរទេស​ទៀត​ផង។​

​សូម​ជម្រាប​ថា កាលពី​ម៉ោង​១២​និង​១៥​នាទី ឈាន​ចូល​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ (​ក​៨) និង (​ក​៣) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន និង​ផ្តល់​ទីតាំង​ឲ្យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លិប PRO KTV ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥៨​នាក់ (​ស្រី​២៤​នាក់​) មាន​៥​ជនជាតិ រួមមាន ​ជនជាតិ​ចិន​២៩​នាក់ (​ស្រី​៥​នាក់​), ជន​ជាតិ​វៀតណាម​២៣​នាក់ (​ស្រី​១៥​នាក់​), ជនជាតិ​ថៃ​០២​នាក់​, ជនជាតិខ្មែរ​០៣​នាក់ (​ស្រី​២​នាក់​) និង​ជនជាតិ​កូរ៉េ​ម្នាក់​។​ ក្រោយ​ធ្វើតេស្ត​រួចមក ​សមត្ថកិច្ច​រកឃើញ​ថា ជនសង្ស័យ​៥២​នាក់​វិជ្ជមាន (​មាន​ជាប់​សារធាតុ​ញៀន​) និង​អវិជ្ជមាន​០៦​នាក់ (​មិន​មាន​ប្រើប្រាស់​) ហើយ​បើ​បែងចែក​ប្រភេទ​ជន​សង្ស័យ​រួមមាន អនុប្រធាន​ក្រុមហ៊ុន​ម្នាក់ ជា​ម្ចាស់​ទីតាំង​, មេការ​ធំ​ម្នាក់ មេការ​តូច​ម្នាក់ ជា​អ្នក​ចាត់ចែង​, អ្នកប្រើប្រាស់​៥៣​នាក់ និង​អ្នក​កំដរ​០២​នាក់​។​

ចំពោះ​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​ អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់​២.០៥​ក្រាម​, ម្សៅ​គេ​តា​មីន​៦.៥៨​ក្រាម និង​ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ៩៧.០៨​ក្រាម​។ វត្ថុតាង​ទាំងនេះ មិនទាន់មាន​អ្នកទទួលខុសត្រូវ​ទេ ដោយ​ថ្នាំ​ទាំងនេះ​រាយប៉ាយ​លើ​តុ ជ្រុះ​ដី ពួកគេ​បដិសេធ​ទាំងអស់គ្នា​។​

បច្ចុប្បន្ន​ ជនសង្ស័យ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នេះ​។​

​សូមបញ្ជាក់ ទីតាំង​ខាងលើ ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ម្តង​រួច​មក​ហើយ បាន​ឃាត់ខ្លួន​មនុស្ស​១៧​នាក់ (​ស្រី​៣) ក្នុងនោះ អ្នកជួញដូរ​២​នាក់ និង​អ្នកប្រើប្រាស់​១៥​នាក់ (​ស្រី​៣​នាក់​) និង​បាន​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ខេ​តា​មីន​៣០​គ្រាប់ និង​ម៉េ​តំ​ហ្វេ​តា​មីន ICE ១៨​កញ្ចប់​តូច​ទៀតផង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu