មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលបានលាលែងពីតំណែងដើម្បីជាការតវ៉ាចំពោះគោលនយោបាយបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនមានផែនការសម្រាប់ប្រទេសស៊ីរីទេ ខណៈដែលខ្លួនត្រូវសម្រេចតាមបញ្ជារបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសនេះ។
លោក Brett McGurk ដែលជាបេសកជនអាមេរិកប្រចាំក្រុមចម្រុះសកលដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុមរដ្ឋឥស្លាមបាននិយាយថា “មិនមានផែនការសម្រាប់អ្វីដែលនឹងកើតឡើងទៀតទេហើយនេះកំពុងបង្កើនហានិភ័យដល់កងកម្លាំងអាមេរិក”។
លោកបាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Face the Nation” របស់ទូរទស្សន៍ CBS បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់ជនជាតិអាមេរិក៤នាក់និងមនុស្ស១៥នាក់ទៀតនៅទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធ។ វាគឺជាការវាយប្រហារសម្លាប់កងទ័ពសហរដ្ឋអាមេរិកច្រើនបំផុតចាប់តាំងពីពួកគេត្រូវបានបញ្ជូនទៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៤ដើម្បីជួយដល់កងកម្លាំងក្នុងតំបន់ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងបន្ទាប់ពីការប្រកាសរបស់លោក Trump កាលពីខែមុនថា លោកបានបញ្ជាឲ្យដកទាហានអាមេរិកទាំង២,០០០នាក់ចេញពីប្រទេសស៊ីរី។ ការប្រកាសនោះបានធ្វើឲ្យសម្ព័ន្ធមិត្តមានភាពភ្ញាក់ផ្អើលនិងនាំឲ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិលោក Jim Mattis ក៏ដូចជាលោក McGurk ផងដែរ។
មន្ត្រីជាន់ខ្ពស់អាមេរិកបានផ្តល់សេចក្តីថ្លែងការណ៍ផ្ទុយពីគោលបំណងរបស់សហរដ្ឋអាមេរិកប៉ុន្តែមន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានចាប់ផ្តើមការដកទ័ពបើទោះបីជាគេនៅតែមិនច្បាស់លាស់ថាតើវានឹងចំណាយរយៈពេលយូរយ៉ាងណាក៏ដោយ។
លោក McGurk បានថ្លែងថា “លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងចាកចេញ។ ហើយនោះមានន័យថា កងកម្លាំងរបស់យើងគួរតែមានបេសកកម្មមួយគឺត្រូវចេញដោយសុវត្ថិភាព”។ ប៉ុន្តែលោកបានបន្ថែមថា “ឥឡូវនេះយើងមិនមានផែនការទេ។ វាបង្កើនភាពងាយរងគ្រោះដល់កងកម្លាំងរបស់យើង។ វាកំពុងបង្កើនហានិភ័យដល់ប្រជាជនរបស់យើងនៅលើដីក្នុងប្រទេសស៊ីរីហើយនឹងបើកចំហកន្លែងសម្រាប់ក្រុម ISIS”។
លោក McGurk បានអះអាងថា អ្វីដែលសំខាន់បំផុតនោះគឺថា សហរដ្ឋអាមេរិកមិនអាចរំពឹងថា ដៃគូដូចជាប្រទេសទួរគីដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូនឹងជំនួសសហរដ្ឋអាមេរិកបានទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments