ភ្នំពេញ ៖ ប្រធាន សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMACបានឲ្យដឹងថា វិស័យកាត់ដេរកម្ពុជា បានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនឲ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ដែលគិតជាមធ្យម វិស័យនេះបានជួយប្រជាពលរដ្ឋកម្ពុជាទាំងផ្ទាល់ និងប្រយោលសរុបប្រមា ណជាង២លាននាក់។
ថ្លែងនៅក្នុងពិធីជួបជុំសមាជិករបស់សមាគមរោងចក្រ ក្នុងឱកាសខួប២៣ឆ្នាំ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លោកឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថាដោយសារតែវិស័យនេះ បានជួយដល់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដូច្នេះហើយលោកប្ដេជ្ញាចិត្តថា ពង្រឹងវិស័យមួយនេះ ឲ្យកាន់តែរឹងមាំ និងទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត មកបណ្ដាក់ទុនបង្កើតការងារ ជូនពលរដ្ឋកម្ពុជា ជាច្រើនលាននាក់បន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំនៅឆ្នាំបន្តបន្ទាប់ទៀត។
ទាក់ទងនឹងកម្មវិធីជួបជុំសមាជិកសម្រាប់រាត្រីនេះ លោកឧកញ៉ា វ៉ាន់ សូអៀង បានបន្តទៀតថា ការជួបជុំគ្នានេះគឺដើម្បីឲ្យសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ទាំងអស់បានជួបជុំគ្នា និងផ្លាស់ប្ដូរនូវបទពិសោធន៍ និងយោបល់រវាងគ្នា ហើយគោលបំណងសំខាន់មួយទៀតនោះ ក៏ដើម្បីប្រមូលថវិកាមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទ្រទ្រង់ដំណើរការ ជួយសង្គ្រោះដល់កុមារកម្ពុជា ដែលត្រូវការអោយមន្ទីរពេទ្យនេះជួយ បើទោះបីជាស្ថាបនិកមន្ទីរពេទ្យនេះ បានឃ្លាតចាកឆ្ងាយក៏ដោយ។
លោកក៏បានប្ដេជ្ញាថា នឹងខិតខំជួយគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ឲ្យនៅតែមានសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា រាប់លាននាក់ទៀតផងដែរ។
តំណាងមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា បានផ្ដល់សេវា ពិនិត្យ និងព្យាបាលកុមារកម្ពុជា សរុបប្រមាណជិត១លាននាក់ ដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ នៅក្នុងមន្ទីរពេទ្យ គឺជាថវិកាដែលបានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយលោក បេអាត រីចនើ ដែលជាស្ថាបនិក មន្ទីរពេទ្យនេះ ក៏បានខិតខំស្វែងរកមូលនិធិនានា ពីក្រៅប្រទេស ដើម្បីមកគាំទ្រដំណើរការ ក៏ប៉ុន្តែ បន្ទាប់ពីលោកបានធ្លាក់ខ្លួនមានជំងឺ មន្ទីរពេទ្យនេះ ក៏បានជួបនូវបញ្ហាខ្លះៗ ទើបរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផា ដើម្បីស្វែងរកថវិកា ជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យ។
ជាលទ្ធផលមូលនិធិទទួលបានជំនួយពីបណ្ដាសប្បុរសជននានា ក្នុងប្រទេសជាបន្តបន្ទាប់ បើទោះបីជាពេលនេះ ស្ថាបនិកមន្ទីរពេទ្យនេះ បានលាចាកលោកក្ដី ហើយសង្ឃឹមថា សប្បុរសជន នឹងនៅតែបន្តជួយដល់មន្ទីរពេទ្យ ដើម្បីបន្តជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងត្រូវការជំនួយពីយើង។
គួរបញ្ជាក់ថា នៅក្នុងរាត្រី នៃការជួបជុំសមាជិកសមាគមរោងចក្រកាត់ដេរកម្ពុជានោះ គេសង្កេតឃើញថា មានសប្បុរសជនជាច្រើនបានបរិច្ចាគជូនមូលនិធិនេះ ដោយប្រមូលបាន ថវិកាប្រមាណ៥ម៉ឺនដុល្លារ ក្នុងនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣,៥០០ដុល្លារផងដែរ។
សូមរំលឹកថា សមាគមរោងចក្រកាត់ដេរកម្ពុជាបានបង្កើត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិលើកដំបូង សម្រាប់កម្ពុជា នៅឆ្នាំ១៩៩៣ ដើម្បីចូលរួមអភិវឌ្ឍន៍ពីភាពរីកចម្រើន នៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យស្នូលក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕
Source: Kampuchea Thmey Daily
0 Comments