Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​៥​នាក់​ ខណៈ​ទាស់​ពាក្យសំដី​ព្រួត​គ្នា ​វាយ​សម្លាប់​បុរស​ម្នាក់



ភ្នំពេញ ​៖​ ជន​សង្ស័យ​ចំនួន​៥​នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ឃាត់​ខ្លួន​ បន្ទាប់ពី​ទាស់​ពាក្យ​សំដី​គ្នា​ ហើយ​ជន​ទាំង​នោះ​ ព្រួត​គ្នា​វាយ​សម្លាប់​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនបង្ក​មាន​បក្ខពួក​០៥​នាក់ ​ទី​១​.ឈ្មោះ គឹម ហួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ។ ទី​២​.ឈ្មោះ ចេ​វ ដា​រា ហៅ​ឡុង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ។ ទី​៣.​ឈ្មោះ ខាន់ សុខុន ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ។ ទី​៤​.ឈ្មោះ ភ័​ណ្ឌ តុល ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ។ ទី​៥​.ឈ្មោះ ស្រ៊ី វាសនា ​ហៅ​ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​៥​នាក់​ ស្នាក់នៅ​ការដ្ឋាន​សំណង់ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ ខុន ឃីម ភេទ​ប្រុស​៣៤​ឆ្នាំ ស្នាក់នៅ​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក មុខរបរ​កម្មករ​សំណង់ ដូចគ្នា​រង​របួស​បែក​ក្បាល ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ដោយ​សារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ​គ្រូពេទ្យ​អស់​លទ្ធភាព​សង្គ្រោះ ​ក៏​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ស្រុក​កំណើត​ ហើយ​ជន​រងគ្រោះ​ក៏​ស្លាប់ ​ខណៈ​ដឹក​ដល់​ផ្ទះ​ឯ​ស្រុកកំណើត​តែម្ដង។​

​តាម​ប្រភព​ដដែល​បន្ត​ថា ​កាលពី​វេលា​ម៉ោង​ប្រហែល​៧​និង​០០​នាទី​ ថ្ងៃ ខែ ឆ្នាំ​ដដែល​ ជន​បង្ក​ទាំង​៥​នាក់​ខាង​លើ​ បបួលគ្នា​ទិញ​ស្រា​បៀ​ផឹក ហើយ​ឈ្មោះ គឹម ហួន ជា​អ្នក​ទៅ​ទិញ​ ក៏បាន​ទាស់សំដី​ជាមួយ​ជនរងគ្រោះ​នៅ​កន្លែង​ទិញ​ស្រា ហើយ​ គឹម ហួន ត្រឡប់មក​កន្លែង​វិញ ​ក៏​នាំ​គ្នា​ទាំង​០៥​នាក់ ​ទៅ​វាយ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​ខាងលើ​តែម្តង​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​រង​របួស​ធ្ងន់​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត លុះ​ចូល​ថ្ងៃ​២១ ​ខែ​មករា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​០០​មន្ទីរពេទ្យ​ បាន​ប្រាប់​ក្រុម​គ្រួសារ​ថា ​គ្មាន​សង្ឃឹម​ ប្រញាប់​ដឹក​ទៅ​ស្រុក ទៅ​រៀបចំ​ធ្វើបុណ្យ ​លុះដល់​ម៉ោង​៤​និង​០០​នាទី​ទៀបភ្លឺ​ ជន​រងគ្រោះ​បាន​ស្លាប់​នៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ​ខេត្ត​កណ្តាល​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥​នាក់ ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu