Ad Code

ឲ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ​បើកឡាន ​បុក​គេ​រង​របួស​ធ្ងន់ធ្ងរ​១​នាក់ និង​ស្រាល​១​នាក់



​ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ បាន​រង​របួស​ធ្ងន់​ ដោយ​ម្នាក់​ត្រូវ​បាន​ឡាន​បង្ក​បុក​ ហើយ​កិន​ជាមួយ​នឹង​ម៉ូតូ​កល់​កង់​ឡាន ​​ហើយ​ម្នាក់​ទៀត​ខ្ទាត​ចេញ​ក្រៅ​កង់ឡាន​របួសស្រាល ដោយសារ​យុវតី​ម្នាក់​ បើកឡាន​ម៉ាក​ឡង់​គ្រី​ស​ស័​រ ដឹក​ក្រុម​គ្រួសារ ​រួម​ទាំង​ម្ដាយ​ទៅ​ហាត់​ក្បាច់​គុន​តេ​ក្វាន់​ដូ ដល់ពេល​ជួប​គ្រោះថ្នាក់​បែបនេះ ​ទើប​ស្ដ្រី​ជា​ម្ដាយ​ចុះមក​ទ្វារ​ខាងស្ដាំ​អះអាងថា​ ខ្លួន​ជា​អ្នកបើក​ ដោយ​មិនទាន់មាន​អ្នកណា​សួរនាំ​ផង​នោះ​ ហើយ​ក្មេង​ស្រី​ជា​អ្នក​បើកបរ​នោះ ​ក៏​ចុះ​តាម​ទ្វារ​ស្ដាំ​តាម​ក្រោយ​ម្ដាយ​ដែរ​។​

ហេតុការណ៍​នេះ ​បានកើត​ឡើង​កាល​វេ​លា​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​២០០៤​ ហៅ​ផ្លូវ​ម៉ៃ​ដា ចំណុច​ស្តុប វត្ត​អង្គ​តា​មិញ ​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-6616 ជិះ​គ្នា​៥​នាក់ ម្តាយ​ និង​កូនៗ​៤​នាក់​ ស្លៀកពាក់​ឯកសណ្ឋាន​រៀន​ក្បាច់គុន​តេ​ក្ខាន់​ដូ បើក​ក្នុងទិសដៅ​ពី​កើ​ត ទៅ​លិច​។ ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០​ហៅ​(​សង់​បិ​ច​)​ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1BH-8130 បើកបរ​ដោយ​យុវជន​ពីរ​នាក់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ឆ្លង​ផ្លូវ​ចំណុច​ស្តុ​ប​។

តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ ​មាន​យុវជន​ពីរ​នាក់​ បើក​ម៉ូតូ​ឆ្លង​ស្តុបភ្លើង​សញ្ញា​អាទិភាព ទិសដៅ​ពី​ជើង​ ទៅ​ត្បូង​ ហើយ​បត់​ឆ្វេង បន្ទាប់មក ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ​ពណ៌​ស ស៊េរី​ទំនើប បាន​បើកបរ​ឆ្លង​ស្តុ​ប​ដែរ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ បាន​បុក​ម៉ូតូ​ជនរងគ្រោះ ​ហើយ​កិន​ម៉ូតូ ​ព្រមទាំង​ជនរងគ្រោះ​ជិះ​ខាងក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ឡើង​កិន​លើ​ម៉ូតូ ចំណែក​ឯ​ជនរងគ្រោះ​ដែល​ជិះ​ខាងក្រោយ ក៏​ត្រូវ​ឡាន​កិន​ជា​មួយ​ម៉ូតូ​ដែរ​ តែ​គង​ផុត​កង់ឡាន រងរបួស​ធ្ងន់​ ហើយ​រថយន្ត បាន​រេ​ចង្កូត​ឡើង​ខឿន​ទ្រូងផ្លូវ​ និង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​

ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា ពេល​នោះ​គេ​បាន​ឃើញ​ក្មេងស្រី​តូច​ជា​អ្នក​បើកបរ​រថយន្ត​បង្ក​ ​ចុះ​ពីលើ​រថយន្ត​តាម​ទ្វារ​ផ្នែក​ខាងស្ដាំ ​​​តាម​ក្រោយ​ម្តាយ​។ ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ប្រាប់ថា​ រូបគាត់ ជា​អ្នកបើករថយន្ត ហើយ​ម៉ូតូ​ទេ ​ដែល​បាន​បើក​បុក​រថយន្ត​របស់​គាត់ ខណៈពេល​គាត់​បើក​ឆ្លង​ស្តុ​ប​។ តែបើ​តាម​សំដី យុវជន​អ្នកបើក​ម៉ូតូ​ដែល​រងរបួស​ស្រាល​បាន​និយាយ​ប្រាប់ថា រូបគាត់​បាន​បើក​ឆ្លង​ផ្លូវ ពេល​ស្តុប​ពណ៌​ខៀវ ខណៈ​​ឆ្លង​ផុត​ទៅហើយ ក៏ត្រូវ​រថយន្ត​ខាងលើ​បុក​តែម្តង​។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ ជនរងគ្រោះ​រង​របួស​ធ្ងន់​ខាងលើ ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​សម្ភព​រស្មី​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។

ក្រោយពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់ឲ្យ​ជំនាញ​ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​ធ្វើការ​វាស់វែង​ និង​យក​រថយន្ត​ និង​ម៉ូតូ​ យកទៅ​រក្សាទុក​ ដើម្បី​រង់​ចាំ​ការដោះស្រាយ​ថ្ងៃក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu