កំពង់ចាម ៖ ភ្លើងទៀនធូប បានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់ទាំងស្រុងដោយការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ និងបង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរកន្លែងកើតហេតុ កាលពីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង១៥នាទី ចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លំនៅដ្ឋានត្រូវភ្លើងឆេះ ជាកម្មសិទ្ធិរបស់ ឈ្មោះ វេង ងាន់សេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកអធិការនគរបាលស្រុកចំការលើបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ភ្លាម លោកអធិការ បានដឹកនាំកម្លាំង និងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន ១គ្រឿង ចុះទៅកន្លែងកើតហេតុ។
ជាមួយគ្នានេះដែរ លោកអធិការ ក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យរថយន្ដពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្ត១គ្រឿង ,អធិការដ្ឋានស្រុកកំពង់សៀម១គ្រឿង និងរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់១គ្រឿង ចេញប្រតិបត្តិការជួយ ដើម្បីការពារកុំឲ្យរាលដាលទៅផ្ទះផ្សេងទៀត។
លោកអធិការបានបញ្ជាក់ថា ក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ចំនួន៤គ្រឿង អស់ទឹកចំនួន៦រថយន្ត ក្នុងនោះមាន -រថយន្តអធិការដ្ឋានស្រុកចំការលើ១ គ្រឿង អស់ទឹក៣រថយន្ដ -រថយន្តស្នងការដ្ឋាន១គ្រឿង អស់ទឹក១រថយន្ដ -រថយន្តស្រុកកំពង់សៀម ១គ្រឿង អស់ទឹក១រថយន្ដ និងស្រុកស្ទឹងត្រង់១គ្រឿង អស់ទឹក១រថយន្ដ។ នៅវេលាម៉ោង១២និង០០នាទី នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យបានរលត់ទាំងស្រុង។
ករណីខាងលើនេះ បណ្តាលឲ្យរបួសមនុស្សកម្រិតស្រាល ចំនួន២នាក់ ដោយសាររលាកអណ្ដាតភ្លើង ១.ឈ្មោះ សឹប គឹមស៊ី ភេទស្រី អាយុ៦៤ឆ្នាំ (ជាម្ដាយ)។ ២.ឈ្មោះ អែន ស្រីទូច ភេទស្រី អាយុ ៣៤ឆ្នាំ (ជាកូន) និងឆេះអស់ផ្ទះ១ខ្នង ទំហំ៦ម៉ែត្រ x ១៤ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ថ្មខាងក្រោម។
ចំពោះសម្ភារៈបាត់បង់មាន ប្រាក់៣០ម៉ឺនរៀល ,គ្រែ៣ ,ទូខោអាវ៥ ម៉ាស៊ីនបោកខោអាវ១ ទូទឹកកក១ ស្រូវ១៥បេ ទូរទស្សន៍៣គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលមកពីភ្លើងធូប អុចថ្ងៃសីល៕
Source: Kampuchea Thmey Daily
0 Comments