ភ្នំពេញ ៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានបើកសមាជជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងសមាជនោះបានសម្រេចបោះឆ្នោតជ្រើសរើស លោក ជួន មុំថុល ដែលជាប្រធានចាស់ឲ្យបន្តធ្វើជាប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាសម្រាប់អាណត្តិទី៦ ជាបន្តទៀត។
លោក ជួន មុំថុល បានប្ដេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការជួយដល់កម្មករនិយោជិតដើម្បីជំរុញឲ្យមានសុខដុមរមនីយកម្មក្នុងការទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ការងារសមរម្យដើម្បីបង្កើនជីវភាព និងការវិនិយោគ ព្រមទាំងលើកកម្ពស់ថ្នាក់ដឹកនាំសហជីពវ័យក្មេងម្ចាស់ការគ្រប់គ្រងដឹកនាំ និងគំនិតច្នៃប្រឌិត។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអបអរសាទរដល់លោក ជួន មុំថុល ដែលបានជាប់ជាប្រធាននៅក្នុងអាណត្តិថ្មី និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារកន្លងមក ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការការពារដល់ផលប្រយោជន៍បងប្អូនកម្មករនិយោជិត។
លោករដ្ឋលេខាធិការសង្ឃឹមថា ថ្នាក់ដឹកនាំសហភាពសហព័ន្ធសហជីពជាតិកម្ពុជាសម្រាប់អាណត្តិថ្មីនេះ ប្រាកដជាបំពេញបន្ថែមទៀតឲ្យបានកាន់តែល្អប្រសើរដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់សិទ្ធកម្មករនិយោជិតឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី ទេព គឹមវណ្ណារី អនុប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាបានឡើងអានរបាយការណ៍ សកម្មភាពបូកសរុបការងារអាណត្តិទី៥ ឆ្នាំ២០១៦ ឆ្នាំ២០១៨ កន្លងទៅថា រយៈពេល៣ឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានយកចិត្តទុកដាក់ចូលរួមដោះស្រាយ និងសម្របសម្រួលវិវាទនៅមូលដ្ឋានសរុបចំនួន១២៩០លើក ក្នុងនោះដោះស្រាយសះជាចំនួន១២៨៦មិនសះជា៨វិវាទ បុគ្គលចំនួន៤៨លើក សះជា៣៩ មិនសះជា៩វិវាទ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមាន២លើក។ ចំណែកបញ្ហាកូដកម្មបាតុកម្ម មានការថយចុះដោយសារមានច្បាប់ធ្វើឲ្យសហជីពមួយចំនួនគោរព និងអនុវត្តតាម។
លោកស្រីបានបន្តថា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា មានសមាជិកមកពីគ្រប់វិស័យវិជ្ជាជីវៈដូចជាវិស័យកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង កំពង់ផែ ស្រាបៀរ សំណង់ ស្រែអំបិល នេសាទ កម្មករអូសរទេះ ចម្ការកៅស៊ូ ដែលគ្របដណ្ដប់ចំនួន១៥ខេត្តរួមមាន នៅរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ កំពង់ធំ ត្បូងឃ្មុំ ក្រចេះ រតនគីរី ឧត្តរមានជ័យ កំពត កែប និងខេត្តព្រះសីហនុសរុបចំនួន១១១.៤០១នាក់៕
Source: Kampuchea Thmey Daily
0 Comments