Ad Code

តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ និង​លោកជំទាវ​ អញ្ជើញ​ចូលរួម​ខួប​លើក​ទី​៤០​ ទិវា​ជ័យ​ជម្នះ​៧​មករា​១៩៧៩ -៧​មករា ២០១៩​​



​រតនគិរី ៖ នា​រសៀល​ថ្ងៃ​ទី​២០​ ខែមករា ​ឆ្នាំ​២០១៩​ លោក ប៊ូ ឡាំ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ និង​លោ​ជំទាវ​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​កិត្តិយស​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​៤០​ ទិវា​ជម្នះ​៧​មករា​១៩៧៩ -៧​មករា​២០១៩​ស្ថិតនៅ​ភូមិ​៤​ សង្កាត់​កាចា​ញ ​ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​។​

មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣០០​នាក់​ ដែល​បាន​អញ្ជើញ​ចូលរួម​នា​ឱកាស​នេះ​ លោក ប៊ូ ឡាំ បាន​លើកឡើងថា នេះ​ជា​ទិវា​គម្រប់​ខួប​លើក​ទី​៤០ នៃ​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ នៃ​ថ្ងៃ ៧​មករា​ឆ្នាំ​១៩៧៩​ដែល​បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់ ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុលពត​ ដ៏​សាហាវយង់ឃ្នង​បំផុត និង​បាន​បើក​ឡើងវិញ​នូវ​សករាជ​ថ្មី​ នៃ​កម្ពុជា គឺ​ឯករាជ្យ​សេរីភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍនភាព​សង្គម​។​

​ហើយ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នេះ​ឡើង​ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​វីរៈ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​ នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​និង​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុងការ​ប្រយុទ្ធ​ ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ជាតិ​ និង​ប្រជាជន​កម្ពុជា ទោះបី​ពេលវេលា​បាន​កន្លង​ផុតទៅ​ជាច្រើន​សតវត្ស​ក៏ដោយ​ ក៏​យើងទាំងអស់គ្នា​នៅតែ​ចងចាំ​ជានិច្ច​នូវ​មហា​សោកនាដកម្ម​ដែល​បណ្ដាលមកពី​ភ្លើងសង្គ្រាម​ដ៏​សន្ធោសន្ធៅ​ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារ​របស់​លន់នល់​ នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ​តាម​ខ្សែ​ញាក់​របស់​បរទេស និង​មហា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ប៉ុលពត​រយៈពេល​៣​ឆ្នាំ ​៨​ខែ​ និង​២០​ថ្ងៃ​។​

​លោក​បន្តថា នេះ​គឺជា​អត្ថន័យ​ នៃ​ថ្ងៃ​ជ័យ​ជម្នះ​៧​មករា​ ព្រោះ​ថ្ងៃ​៧​មក​រា ជា​ថ្ងៃកំណើត​ទី​២​ នៃ​យើង​ទាំង​អស់គ្នា​។​

លោក​តំណាងរាស្ត្រ​ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវមាន​ស្មារតី​រួបរួមគ្នា​ថែ​រក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ​និង​ការពារ​នូវ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ហើយ​ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ ឬ បក្ស​នយោបាយ​ណា​ដែល​ប៉ុនប៉ង​នាំ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ឡើងវិញ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu