ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគីរបស់លោកគឺលោក Recep Tayyip Erdogan នឹងរៀបចំកិច្ចចរចាស្តីពីបញ្ហាស៊ីរីក្នុងទីក្រុងមូស្គូនៅថ្ងៃពុធដោយប្រទេសទួរគីបាននិយាយថា ពួកគេនឹងផ្តោតលើ “តំបន់សន្តិសុខ” របស់ក្រុងអង់ការ៉ានៅភាគខាងជើងប្រទេសស៊ីរី។
មេដឹកនាំទាំងពីរគឺស្ថិតនៅលើភាគីផ្ទុយគ្នានៃជម្លោះនេះដោយប្រទេសរុស្ស៊ីបានផ្តល់ការគាំទ្រដ៏សំខាន់ដល់រដ្ឋាភិបាលស៊ីរីខណៈដែលទួរគីបានគាំទ្រក្រុមឧទ្ទាមដែលប្រយុទ្ធនឹងកងកម្លាំងរបស់លោកប្រធានាធិបតី Bashar al-Assad។
ទោះបីជាយ៉ាងនេះក្តី ពួកគេបានធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយសម្រាប់ជម្លោះរយៈពេលប្រាំពីរឆ្នាំមួយនេះ។ ប្រទេសរុស្ស៊ីនិងទួរគីបានយល់ព្រមសម្របសម្រួលប្រតិបត្ដិការលើដីនៅប្រទេសស៊ីរីបន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ស្តីពីការដកកងទ័ពអាមេរិក២,០០០នាក់ចេញពីប្រទេសស៊ីរីកាលពីខែមុន។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ លោក Erdogan បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក Putin អំពីការបង្កើតតំបន់សន្តិសុខមួយដែលគ្រប់គ្រងដោយទួរគីនៅភាគខាងជើងប្រទេសស៊ីរីតាមការស្នើឡើងដោយលោក Trump ។
កងកម្លាំងឃឺដសម្ព័ន្ធមិត្តអាមេរិកដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសស៊ីរីបានច្រានចោលគំនិតនេះដោយភ័យខ្លាចអំពីការវាយលុករបស់ទួរគីប្រឆាំងនឹងទឹកដីក្រោមការគ្រប់គ្រងរបស់ពួកគេ។
ស្របពេលជាមួយគ្នានោះដែរ ក្រុងមូស្គូដែលជាអ្នកគាំទ្រលោក Assad ទំនងជាជំទាស់នឹងផែនការនេះដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីសប្តាហ៍មុនបាននិយាយថា ក្រុងដាម៉ាស់ត្រូវគ្រប់គ្រងភាគខាងជើងរបស់ប្រទេសនេះ។
វិមានក្រឹមឡាំងបានសាទរចំពោះការចូលរបស់កងកម្លាំងស៊ីរីក្នុងទីក្រុង Manbij ភាគខាងជើងដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំបន្ទាប់ពីពួកឃឺដបានបើកទ្វារ។
ក្រុងមូស្គូគ្រោងនឹងរៀបចំជំនួបកំពូលត្រីភាគីជាមួយប្រទេសទួរគីនិងអ៊ីរ៉ង់នៅដើមឆ្នាំនេះដែលជាផ្នែកមួយនៃដំណើរការសន្តិភាពទីក្រុង Astana ដែលបានចាប់ផ្តើមដោយប្រទេសទាំងបីនៅក្នុងឆ្នាំ២០១៧។
លោក Yuri Ushakov ជំនួយការគោលនយោបាយបរទេសរបស់លោក Putin បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា “រហូតមកដល់ពេលនេះ គ្មានកាលបរិច្ឆេទត្រូវបានកំណត់ទេប៉ុន្តែបន្ទាប់ពីការចរចាជាមួយលោក Erdogan យើងនឹងចាប់ផ្តើមការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី”។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកចុងក្រោយរវាងលោក Putin, លោក Erdogan និងលោក Hassan Rouhani របស់អ៊ីរ៉ង់បានប្រព្រឹត្តទៅនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកញ្ញាឆ្នាំមុនដោយជោគវាសនារបស់ខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាមគឺជារបៀបវារៈ៕ AFP
Source: Kampuchea Thmey Daily
0 Comments