Ad Code

បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀងរលឹម! ​នគរបាល​ស្រុក​ស្អាង ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​១២​កញ្ចប់​



កណ្តាល ​៖ ​ដើម្បី​មូលដ្ឋាន​មាន​សុវត្ថិភាព ​នគរបាល​ស្រុក​ស្អាង​ បាន​បំពេញ​តួនាទី​ដូច​ភ្លៀងរលឹម​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្តី​សុខ​ ពិសេសឲ្យ​យុវជន​ជៀស​ផុតពី​គ្រឿងញៀន​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​ស្រុក ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ​ ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំញៀន​១២​កញ្ចប់​។​

ការ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​០៥​នាទី ចំណុច​បន្ទប់​ជួល​របស់​ ឈ្មោះ លឹម ស៊ុន​ឡេង ស្ថិត​ក្នុងភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល។​

លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា ​ជនសង្ស័យ​ចំនួន​០២​នាក់ (​ឃាត់ខ្លួន​) ៖
១ / ឈ្មោះ លឹម ស៊ុន​ឡេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ។​
២ / ឈ្មោះ រុន បូរ៉ា ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ។ អ្នក​ទាំងពីរ​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល។ រីឯ​វត្ថុតាង​ចាប់យក​រួមមាន​ ១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់ ក្នុងនោះ ធំ​០២​កញ្ចប់ និង​តូច​១០​កញ្ចប់។ ២ / ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​០១​គ្រឿង។​ ៣ /​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួន។​

លោក​អធិការ​បញ្ជាក់ថា ​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​ វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ។ ភ្លាមៗនោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិត្បូ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ ឈ្មោះ លឹម ស៊ុន​ឡេង និង​ឈ្មោះ រុន បូរ៉ា។

ដោយមាន​ការចូលរួម​ពី ​លោក​មេភូមិ​កំពង់​ព្រីង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិត្បូ ធ្វើការ​ត្រួត​ពិនិត្យ​ឆែកឆេរ​បន្ទប់​ជួល​ ឈ្មោះ លឹម ស៊ុន​ឡេង បាន​រក​ឃើញ​ម្សៅ​ក្រាម ​ពណ៌ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១២​កញ្ចប់ ​ក្នុងនោះ ធំ​០២​កញ្ចប់ , តូច​១០​កញ្ចប់ , ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន ចំនួន​០១​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិត្បូ ដើម្បី​សាកសួរ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ លឹម ស៊ុន​ឡេង បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿង​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​វាល​ខ្សាច់ ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ តម្លៃ​២០០​ដុល្លារ​អាមេរិក ដើម្បី​យកមក​វេច​ខ្ចប់​លក់​បន្ត ក្នុង​មួយ​កញ្ចប់​តូច តម្លៃ ២​ម៉ឺន​រៀល។

ចំណែក​ ឈ្មោះ រុន បូរ៉ា បាន​សារភាព​ថា ខ្លួន​បាន​ជួយ​លក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ឲ្យ​ឈ្មោះ លឹម ស៊ុន​ឡេង រយៈពេល​ជិត​១​ខែ​ហើយ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ ទាំងពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu