ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធថា ប្រទេសអូស្ត្រាលីកំពុងស៊ើបអង្កេតរបាយការណ៍មួយដែលថា អ្នកនិពន្ធប្រឆាំងម្នាក់និងជាជនជាតិចិនមានសញ្ជាតិពីរកំពុងបាត់ខ្លួនហើយប្រហែលជាត្រូវបានឃុំឃាំងនៅក្នុងប្រទេសកំណើតរបស់គាត់។
លោក Yang Hengjun អ្នកនិពន្ធរឿងប្រលោមលោកដែលជាអតីតអ្នកការទូតចិននិងជាសកម្មជនលទ្ធិប្រជាធិបតេយ្យបានបាត់ខ្លួនភ្លាមៗបន្ទាប់ពីគាត់បានវិលត្រលប់ទៅទីក្រុងក្វាងចូវកាលពីសប្តាហ៍មុន។ នេះបើតាមការឲ្យដឹងពីមិត្តភក្តិរបស់គាត់។
នៅពេលសួរអំពីករណីរបស់លោក Yang ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីបាននិយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានអំពីពលរដ្ឋអូស្ត្រាលីម្នាក់ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅក្នុងប្រទេសចិន។
អ្នកនាំពាក្យម្នាក់បាននិយាយថា “ដោយសារកាតព្វកិច្ចភាពជាឯកជនរបស់យើង យើងនឹងមិនផ្តល់យោបល់បន្ថែមទៀតនោះទេ”។
អាជ្ញាធរអូស្ត្រាលីត្រូវបានគេជឿថា កំពុងទាក់ទងជាមួយមិត្តភក្តិនិងគ្រួសាររបស់លោក Yang។
កាសែត Sydney Morning Herald បានរាយការណ៍ថា លោក Yang បានវិលត្រលប់មកប្រទេសចិនវិញជាមួយភរិយានិងកូនប្រុសរបស់គាត់កាលពីថ្ងៃទី១៨ខែមករាប៉ុន្តែមិនបានធ្វើដំណើរតាមផែនការទៅទីក្រុងសៀងហៃទេ។
ការបាត់ខ្លួនរបស់គាត់បានបង្កឲ្យមានការភ័យខ្លាចថា គាត់អាចជាជនរងគ្រោះចុងក្រោយបង្អស់នៃការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងៗចំពោះអ្នកប្រឆាំងដោយអាជ្ញាធរចិន។
ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានសម្តែងការព្រួយបារម្ភអំពីការឃុំឃាំងជនជាតិកាណាដាពីរនាក់ជាការសងសឹកចំពោះការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសកាណាដា។
គួរបញ្ជាក់ថា លោក Yang បានធ្វើការនៅក្រសួងការបរទេសប៉ុន្ដែក្រោយមកគាត់បានចាកចេញពីប្រទេសចិនហើយបានសរសេររឿងប្រលោមលោកបែបចារកម្មនិងប្លុកជាភាសាចិនដ៏ពេញនិយមមួយ។
លោក Yang បានបាត់ខ្លួនម្តងក្នុងឆ្នាំ២០១១ដោយរៀបរាប់អំពីការបាត់ខ្លួនរបស់គាត់ថាជា “ការយល់ច្រឡំ” នៅពេលដែលគាត់បានបង្ហាញខ្លួនឡើងវិញនៅប៉ុន្មានថ្ងៃក្រោយមក៕ AFP
Source: Kampuchea Thmey Daily
0 Comments