ភ្នំពេញ ៖ នេះអាចចាត់ទុកជាដំណឹងដ៏ភ្ញាក់ផ្អើល និងសោកស្ដាយ ហើយក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាតារាសម្តែងប្រុសរូបសង្ហា លោក រឿន សារ៉ាត់ ក្រោយពេលតារាប្រុសរូបនេះបានជួបគ្រោះថ្នាក់ដ៏អកុសល ត្រូវលង់ទឹកស្លាប់គ្រា ទៅដើរលេងកម្សាន្តនៅលើទឹកដីខេត្តកំពតជាមួយតារាប្រុស លោក យូ ឌីស្កូ។
ដំណឹងដ៏រន្ធត់ និងសោកស្តាយខាងលើនេះ ត្រូវបានប្រភពពីតារាសម្តែងប្រុស លោក អ៊ឹម ជីវ៉ា ប្រកាសឲ្យដឹងជាសាធារណៈ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះថា តារាសម្តែង លោក រឿន សារ៉ាត់ បានទទួលមរណភាពនៅថ្ងៃ ទី២២មករា ដោយសារករណីលង់ទឹកស្លាប់ក្នុងពេលធ្វើដំណើរទៅដើរលេងជាមួយតារាសម្តែង លោក យូ ឌីស្កូ នាខេត្តកំពត RIP ។
ជាមួយគ្នា នៃដំណឹងដ៏តក់ស្លុតនេះដែរ តារាប្រុស លោក អ៊ឹម ជីវ៉ា ក៏បានធ្វើការអំពាវនាវដល់អ្នកសិល្បៈរួមអាជីព ដើម្បីឲ្យចូលរួមពិធីបុណ្យសពរបស់ លោក រឿន សារ៉ាត់ បែបនេះថា ហេតុដូចនេះសូមបងប្អូន និងមិត្តរួមអាជីពជាតារាសម្តែងជាមួយទទួលដំណឹងយ៉ាងសោកស្តាយពីក្រុមគ្រួសារ នៃសព ក្រុមគ្រួសារគាត់ក្រីក្រណាស់…..។
តារាសិល្បៈរៀមច្បង លោក អ៊ឹម ជីវ៉ា បានបន្តលើកឡើងទៀតថា បើបងប្អូន និងមិត្តរួមអាជីព មានសទ្ធាជ្រះថ្លាអាចចូលជាបច្ច័យតាមរយៈលេខទូរស័ព្ទឪពុករបស់គាត់ផ្ទាល់តែម្តង គឺ ០១៦ ៩១ ៥៩ ៨៦ ចំណែកឯសពបានតម្កល់នៅវត្តទឹកថ្លា ហើយនឹងត្រូវបូជានៅវត្តទឹកថ្លានាវេលាម៉ោង២រសៀលថ្ងៃទី២៣មករា នេះ RIP។
តាមរយៈដំណឹងដ៏សោកស្តាយ និង ក្រៀមក្រំ នៃការស្លាប់ទាំងវ័យក្មេងរបស់តារាសម្តែងប្រុស លោក រឿន សារ៉ាត់ ក្រោយពេលលង់ទឹកនេះដែរ ភ្លាមៗនោះបានធ្វើឲ្យទស្សនិកជនអ្នកគាំទ្រមួយចំនួនសម្តែងការភ្ញាក់ផ្អើល និងផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ខណៈមានអ្នកសិល្បៈរួមអាជីពមួយចំនួនទៀតក៏បានបង្ហាញពីក្តីរន្ធត់ក្នុងចិត្តខ្លាំងស្របពេលទទួលបានព័ត៌មានមរណភាព លោក រឿន សារ៉ាត់ ដោយមិននឹកស្មានដល់បែបនេះ៕
Source: Kampuchea Thmey Daily
0 Comments