Ad Code

លោក Trump ដើរ​ចេញពី​ការចរចា​ស្តីពី​បញ្ហា​ជញ្ជាំង​ព្រំដែន



ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា “​លា​ហើយ​” និង​បាន​ដើរ​ចេញពី​កិច្ចចរចា​កាលពី​ថ្ងៃ​ពុធ​ស្តីពី​ការផ្តល់​មូលនិធិ​ដល់​ជញ្ជាំង​ព្រំដែន​អាមេរិក - ម៉ិ​ក​ស៊ិ​ក​នៅពេលដែល​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បដិសេធ​យល់ព្រម​ចំពោះ​គម្រោង​នេះ​។​

លោក Trump បាន​បង្ហោះ Twitter អំពី​ជំនួប​នៅ​សេត​វិមាន​របស់គាត់​ជាមួយនឹង​មេដឹកនាំ​កំពូល​នៃ​សភា​បក្ស​ប្រជាធិបតេយ្យ​ថា “​ខ្ជះខ្ជាយ​ពេលវេលា​ទាំងស្រុង​។ ខ្ញុំ​បាន​និយាយថា​លា​ហើយ គ្មានអ្វី​ផ្សេង​ទៀតឡើយ​!”​។​

លោក Chuck Schumer ដែលជា​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅក្នុង​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកកាសែត​ថា “​លោក Trump បាន​ទះ​តុ​ហើយ​បន្ទាប់មក​បាន​ក្រោក​ឡើង​និង​ដើរចេញ​”​។ លោក Schumer បន្តថា “​ជាថ្មី​ម្តងទៀត​យើង​បានឃើញ​ពី​កំហឹង​ដ៏​ខ្លាំងក្លា​ព្រោះ​គាត់​មិនអាច​ទទួលបាន​តាម​មធ្យោបាយ​របស់គាត់​”​។​

យោងតាម​អ្នកគាំទ្រ​លោក Trump នៅក្នុង​កិច្ចប្រជុំ​នោះបាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​បាន​សួរ​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ថា តើ​ពួកគេ​នឹង​យល់ព្រម​ផ្តល់​មូលនិធិ​ដល់​គម្រោង​ជញ្ជាំង​របស់គាត់​ដើម្បី​ជាការ​ផ្លាស់ប្តូរ​ឲ្យ​គាត់​បញ្ចប់​ការបិទ​ដ៏​ឈឺចាប់​នៃ​រដ្ឋាភិបាល​ដែរ​ឬ​អត់​។​

លោក Kevin McCarthy ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាន់ខ្ពស់​នៅក្នុង​សភា​ដែល​ក៏មាន​វត្តមាន​ផងដែរ​នោះបាន​ថ្លែងថា “​ប្រធានសភា​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi បាន​លើកដៃ​ឡើង​ហើយ​និយាយថា ទេ​! មិនមាន​អ្វី​ទាល់តែសោះ​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ អនុ​ប្រធានាធិបតី​លោក Mike Pence បាន​និយាយថា “​យើង​បានឮ​ជាថ្មី​ម្តង​ទៀតថា បណ្តា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ចង់​ចរចា​”​។ លោក​អនុ​ប្រធានាធិបតី​បាន​ទទូចថា​លោក Trump បាន​ចូលមកក្នុង​កិច្ចប្រជុំ​នេះ​ដោយមាន​ជំនឿ​យ៉ាង​មុតមាំ​។​

លោក Trump ត្រូវការ​ប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ជញ្ជាំង​ដែល​គាត់​និយាយថា​ជាការ​ចាំបាច់​ដើម្បី​រារាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់ អ្នកជួញដូរ​គ្រឿងញៀន​និង​អ្នកជួញដូរ​មនុស្ស​មក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ទោះបីជា​យ៉ាងណាក៏ដោយ គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយថា ជញ្ជាំង​នេះ​នឹងមាន​ឥទ្ធិពល​តិចតួច​លើ​បញ្ហា​ព្រំដែន​ពិតប្រាកដ​ហើយ​ថា វិធីសាស្ត្រ​ដ៏​តឹងតែង​របស់លោក Trump នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​មួយ​ក្នុងចំណោម​ជន​ឥ​ន្តោ​ប្រវេសន៍​ដែល​ងាយ​រងគ្រោះ​និង​ជន​ឥ​ន្តោ​ប្រវេសន៍​ដែល​មិន​បង្ក​ការគំរាមកំហែង​។​

គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទូចថា ពួកគេ​នឹងមិន​ដក​ការជំទាស់​របស់​ពួកគេ​ចំពោះ​គម្រោង​ជញ្ជាំង​ទេ​ហើយ​ជឿជាក់ថា ជនជាតិ​អាមេរិក​នឹង​ធុញទ្រាន់​ចំពោះ​ភាពចលាចល​នៃ​ការបិទ​រដ្ឋាភិបាល​ហើយ​ពួកគេ​នឹង​បន្ទោស​ដល់​លោក Trump៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu