Ad Code

លោក Trump នៅតែ​រក្សា​ជំហរ​លើ​ការកសាង​ជញ្ជាំង​ ខណៈ​ការបិទ​រដ្ឋាភិបាល​ចូលដល់​សប្តាហ៍​ទី​បី​



កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាន់ខ្ជាប់​លើ​តម្រូវការ​របស់លោក​ស​ម្រា​ប់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់​ថវិកា​ដល់​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​កដោយ​លោក​បាន​អះអាង​អំពី​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​រង្វង់​ខាងក្នុង​របស់លោក​លើ​បញ្ហា​ដ៏​ចម្រូងចម្រាស​នេះ​ដែល​ឥឡូវនេះ​ការបិទ​រដ្ឋាភិបាល​ទាំង​បង្ខំ​បាន​ឈាន​ចូលដល់​សប្តាហ៍​ទី​បី​ហើយ​។​

លោក Trump បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅពេល​លោក​ចាក​ចេញពី​សេត​វិមាន​ថា “​យើង​ត្រូវតែ​សាងសង់​ជញ្ជាំង​។ វា​ជា​សុវត្ថិភាព វា​ជា​បញ្ហា​សន្តិសុខសម្រាប់​ប្រទេស​របស់​យើង​”​។​

ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀតថា គាត់​អាច​យក​អំណាច​គ្រាអាសន្ន​មក​ប្រើ​ដើម្បី​ទទួលបាន​ជញ្ជាំង​មួយ​ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​មិនចាំបាច់​មានការ​អនុម័ត​ពីស​ភា​។ លោក​បាន​ថ្លែងថា “​ខ្ញុំ​អាច​ប្រកាស​គ្រាអាសន្ន​ថ្នាក់ជាតិ​ដោយ​ផ្អែកលើ​អ្វីដែល​នឹង​កើតឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​”​។​

ទន្ទឹម​នោះ អ្នកប្រជាធិបតេយ្យ​ដ៏​ល្បីឈ្មោះ​ម្នាក់​គឺ​លោក Adam Schiff បាន​ច្រានចោល​ការនិយាយ​អំពី​គ្រាអាសន្ន​ជាតិ​ភ្លាមៗ​។ លោក​បាន​កត់សម្គាល់ថា នៅពេលដែល​អតីត​ប្រធានាធិបតី​លោក Harry Truman ប្រើ​ភាសា​បែបនេះ​ក្នុង​បំណង​ធ្វើ​តូបនីយកម្ម​ឧស្សាហកម្ម​ដែកថែប​និង​បញ្ចប់​កូដកម្ម​ពលកម្ម​អំឡុង​សង្គ្រាម​កូរ៉េ​, គាត់​ត្រូវបាន​បដិសេធ​ដោយ​តុលាការ​កំពូល​។​

ភាពជាប់គាំង​ជាមួយ​សមាជិកសភា​ជុំវិញ​ការផ្តល់​ថវិកា​សម្រាប់​ជញ្ជាំង​ព្រំដែន​បាន​បណ្តាល​ឲ្យ​បិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​ចាប់តាំងពី​ថ្ងៃទី​២២​ខែធ្នូ​មក​។ លោក Trump បានទាមទារ​ទឹកប្រាក់​ចំនួន​៥.៦​ពាន់​លាន​ដុល្លារ​ខណៈ​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​ផ្តល់​ឲ្យ​១.៣​ពាន់​លាន់​ដុល្លារ​។​

លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការប្រឈមមុខគ្នា​នេះ​អាច​អូស​បន្លាយពេល​រាប់​ខែ​ឬ​ច្រើន​ឆ្នាំ​។​

ការបិទ​នេះ​បានធ្វើ​ឲ្យ​បុគ្គលិក​សហព័ន្ធ​ប្រមាណ​៨០០,០០០​នាក់​ត្រូវ​ត្រលប់​ទៅផ្ទះ​វិញ​ឬ​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​។ អ្នកម៉ៅការ​សហព័ន្ធ​ធំៗ​ក៏​កំពុង​ខាតបង់​ប្រាក់​ផងដែរ​នៅក្នុង​អ្វី​ដែលជា​ការបិទ​រដ្ឋាភិបាល​ដ៏​យូរ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu