អង្គការតម្លាភាពអន្តរជាតិ (TI) បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានធ្លាក់ចំណាត់ថ្នាក់នៃសន្ទស្សន៍អំពើពុករលួយសកលខណៈប្រព័ន្ធពិនិត្យនិងតុល្យភាពរបស់អាមេរិកត្រូវប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងលើការឃ្លាំមើលរបស់លោក Donald Trump ។
សហរដ្ឋអាមេរិកបានបាត់បង់បួនពិន្ទុពោលគឺទទួលបានពិន្ទុត្រឹមតែ៧១ប៉ុណ្ណោះក្នុងចំណោមពិន្ទុ១០០លើសន្ទស្សន៍អំពើពុករលួយឆ្នាំ២០១៨ដែលធ្វើឲ្យប្រទេសនេះធ្លាក់ចុះពីតំណែងប្រទេសកំពូលទាំង២០ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក។
TI បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា “ពិន្ទុដ៏ទាបនេះបានកើតឡើងនៅពេលដែលអាមេរិកកំពុងជួបប្រទះការគំរាមកំហែងដល់ប្រព័ន្ធពិនិត្យនិងសមតុល្យរបស់ខ្លួនព្រមទាំងការកាត់បន្ថយបទដ្ឋានសីលធម៌នៅកម្រិតខ្ពស់បំផុតនៃអំណាចផងដែរ”។
ឆ្នាំទី២នៃតំណែងប្រធានាធិបតីរបស់លោក Trump គឺពោរពេញដោយការរង្គោះរង្គើដែលរាប់ចាប់ពីការលាតត្រដាងនៅក្នុងការស៊ើបអង្កេតអំពីទំនាក់ទំនងរវាងក្រុមយុទ្ធនាការឆ្នាំ២០១៦របស់លោក Trump ជាមួយប្រទេសរុស្ស៊ីទៅដល់ការគាំទ្រដ៏ចម្រូងចម្រាសរបស់គាត់ចំពោះអ្នករងការចោទប្រកាន់ពីបទរំលោភផ្លូវភេទដែលត្រូវបានតែងតាំងសម្រាប់តំណែងតុលាការកំពូល។
មេដឹកនាំអាមេរិកដែលតែងតែធ្វើការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការសរសេរ “ព័ត៌មានក្លែងក្លាយ” រូបនេះក៏ត្រូវចោទប្រកាន់ពីបទបក្ខពួកនិយមនិងទំនាស់ផលប្រយោជន៍ផងដែរ។
សន្ទស្សន៍ដែលឃ្លាំមើលយ៉ាងជិតស្និទ្ធិរបស់អង្គការតម្លាភាពអន្តរជាតិបានដាក់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ដោយយោងទៅតាមកម្រិតអំពើពុករលួយក្នុងវិស័យសាធារណៈដែលពួកគេយល់ឃើញថា ពិន្ទុសូន្យមានន័យថាពុករលួយខ្លាំងបំផុតហើយ១០០មានន័យថាស្អាតស្អំ។
នៅឆ្នាំមុនៗ ប្រទេសនូវែលហ្សេឡង់និងប្រទេសនៃតំបន់ Nordic គឺស្ថិតក្នុងចំណោមចំណាត់ថ្នាក់ល្អបំផុតខណៈប្រទេសដាណឺម៉ាកបានផ្តួលនូវែលហ្សេឡង់ដើម្បីឈរកំពូលតារាង។
ជាថ្មីម្តងទៀត ប្រទេសសូម៉ាលីដែលហែកហួរដោយសង្គ្រាមគឺជាប្រទេសដែលអាក្រក់បំផុតដោយស្ថិតនៅក្រោមប្រទេសយេមែន ស៊ូដង់ខាងត្បូងនិងស៊ីរី៕ AFP
Source: Kampuchea Thmey Daily
0 Comments