Ad Code

លក់​ដី​បាន​លុយ​ច្រើន ​ចង់​ប្លែក​មាត់ ​បង្កាត់ភ្លើង​ស្នេហ៍​ក្នុង​បន្ទប់​ ត្រូវ​៣​កាំបិត តុលាការ​ផ្ដន្ទាទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​



​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​បុរស/ស្ត្រី​៣​នាក់​ ដាក់ពន្ធនាគារ​២​ឆ្នាំ​ និង​៦​ខែ តែ​អនុវត្ត​ទណ្ឌ​កម្ម​ទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ ក្រោម​ការចោទប្រកាន់​ ពី​បទ​ហិង្សា​​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស ​តាម​មាត្រា​២១៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ។​

ជនជាប់ចោទ​ទី​១​-ឈ្មោះ មាន ឆ​យី ហៅ ស៊ិន ចរិយា ហៅ កា​ទ្រី​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ ម៉ាស្សា ពីបទ ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស យោង​តាម​មាត្រា ២១៧ និង​មាត្រា ២១៨​នៃ​ក្រមព្រហ្មទណ្ឌ។​ ជនជាប់ចោទ​ទី​២​-ឈ្មោះ ណុប ចំណាប់ ហៅ ស្វិត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប (​ប្តី​) និង​ទី​៣​-ឈ្មោះ សោម ធី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ មេផ្ទះ ពី​បទ លក់ដូរ​មនុស្ស​ដោយមាន​គោលដៅ យោង​តាម​មាត្រា ១៥ នៃ​ច្បាប់​ ស្តីពី ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​។​

សវនាការ​រឿងក្ដី​នេះ​ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩​ ដោយ​ចៅក្រម​ ឈ្មោះ​ សេង លាង។​

សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ជនរងគ្រោះ ឈ្មោះ ប៊ី សុខ​គង់ ហៅ នៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ថៅកែ​ផ្ទះជួល (​ទើប​លក់​ដី​បាន​លុយ​ច្រើន​) បាន​ពឹង​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ណុប ចំណាប់ និង​ ឈ្មោះ សោម ធី ជួយ​រក​ស្រី​ដេក​ជាមួយ ដោយ​សន្យា​ថា នឹង​ឲ្យ​លុយ​២៥០​ដុល្លារ​ទិញ ម៉ូតូ​១​ជិះ ឲ្យ​រក​ស្រី​ស្អាត​បាន ចំណែក​សេវា​ស្រី​ស្អាត ទុក​លោក​ថៅកែ​ជា​អ្នក​ចាត់​ចែង​ផ្ទាល់​។​

បន្ទាប់មក​ ឈ្មោះ សោម ធី ក៏​ទាក់ទង​ហៅ​ជនជាប់ចោទ​ ឈ្មោះ មាន ឆ​យី ហៅ ស៊ិន ចរិយា ហៅ កា​ទ្រី​ត ឲ្យ​ទៅ​ដេក​ជាមួយ​ លោក​ថៅកែ ឈ្មោះ ប៊ី សុខ​គង់ តាម​សំណូមពរ​។​

នៅក្នុង​សវនាការ ឈ្មោះ មាន ឆ​យី ហៅ ស៊ិន ចរិយា ហៅ កា​ទ្រី​ត បដិសេធ​ថា ​ខ្លួន​មិនបាន​ទៅ​លក់​ខ្លួន​ទេ គឺ​គ្រាន់តែ​ទៅ​ផឹកស៊ី ជាមួយ​លោក​ថៅកែ នៅ​ក្នុង​បន្ទប់ដេក​តែប៉ុណ្ណោះ ហើយក៏​អត់​បាន​លុយ​ដែរ ដោយនៅ​យប់កើតហេតុ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ លោក​ថៅកែ បាន​ឲ្យ​លុយ​ទៅ​ ឈ្មោះ សោម ធី និង​ប្តី​ឈ្មោះ ស្វិត ទៅ​ទិញ គ្រឿង​សមុទ្រ និង​ស្រា​បៀ​ផឹកស៊ី​នៅ​ក្នុង​បន្ទប់ នៅ​ភូមិ​ព្រៃទា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

លោក​ថៅកែ ក៏បាន​ទិញ​គ្រឿងញៀន មក​ជក់ ជុំគ្នា​ថែមទៀត​ផង លុះ​យប់​ជ្រៅ​បន្តិច ឈ្មោះ សោម ធី និង​ ឈ្មោះ​ ស្វិត បាន​ចេញពី​បន្ទប់ ទុក​ឱកាស​ឲ្យ​លោក​ថៅកែ បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​នាង​ ឆ​យី ។ ប៉ុន្តែ ​ដោយសារតែ​នាង​មិន​ព្រម​រួមភេទ​ជាមួយ​លោក​ថៅកែ ធ្វើ​ឲ្យ​លោក​ថៅកែ ខឹង​ក៏​កើតជា​រឿង​ហិង្សា​តែម្តងទៅ ដោយ​នាង​ចាក់​លោក​ថៅកែ បាន​៣​កាំបិត ចំណែក​លោក​ថៅកែ បាន​ចាប់​នាង​បោក​ក្បាល​នឹង​ឥដ្ឋការ៉ូ បែក​ឈាម​ពេញ​ខ្លួន​។

ចំណែក​ជនជាប់ចោទ​ ឈ្មោះ សោម ធី និង​ឈ្មោះ ណុប ចំណាប់ ហៅ​ស្វិត បាន​សារភាព​ថា ថៅកែ ប៊ី សុខ​គង់ ហៅ នៅ ជា​ម្ចាស់​ផ្ទះ​ជួល​របស់​ពួកគេ ហើយ​លោក​ថៅកែ ចង់បាន​ស្រី​ដេក ទើប​ពួកគេ ហៅ​ ឈ្មោះ ឆ​យី ឲ្យ​ដេក​ជាមួយ ព្រោះ នាង ឆ​យី ធ្លាប់​រកស៊ី​ដេក​ជាមួយ​ភ្ញៀវ កាលពី​នៅ​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា យីហោ ១៦៨ ក្នុង​ភូមិ​ព្រៃទា ជាមួយ​ឈ្មោះ សោម ធី​។

បន្ទាប់ពី​ទាក់ទង ឈ្មោះ ឆ​យី ឲ្យ​លោក​ថៅកែ ពួកគេ បាន​លុយ​ចាយ​១០០​ដុល្លារ និង​ម៉ូតូ វីវ៉ា មួយ​គ្រឿង តម្លៃ​២៥០​ដុល្លារ ចំណែក ឈ្មោះ ឆ​យី បាន​លុយ​១០០​ដុល្លារ និង​ទូរស័ព្ទ iPhone 5 មួយ​គ្រឿង​។​

គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ក្រុម​ជនជាប់ចោទ ទាំង​៣​នាក់​ខាងលើ ភ្លាមៗ ក្រោយពី ឈ្មោះ ឆ​យី បើកឆាក​ប្រយុទ្ធ​គ្នា ជាមួយ​លោក ថៅកែ នៅ រង​របួស ទាំង​សង​ខាង ហើយ​ត្រូវ​លោក​ថៅកែ នៅ ហៅ​អ្នកជិតខាង​ឲ្យ​ជួយ​។

នៅក្នុង​ឆាកប្រយុទ្ធ​នោះ លោក​ថៅកែ ប៊ី សុខ​គង់ ហៅ នៅ ត្រូវ ​ឈ្មោះ ឆ​យី ចាក់​ត្រូវ​៣​កាំបិត រង​របួស​ធ្ងន់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu