Ad Code

មន្ត្រី​ ៖​ ការស៊ើបអង្កេត​លើ​ករណី​លោក Trump និង​ប្រទេស​រុស្ស៊ី​ជិត​បញ្ចប់​ហើយ​



អគ្គ​រដ្ឋអាជ្ញា​ស្តីទី​លោក Matthew Whitaker បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ចូល​ទៅ​ក្នុង​ការ​ឃុបឃិត​រវាង​យុទ្ធនាការ​របស់​លោក Donald Trump និង​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​គឺ​ជិត​បញ្ចប់​ហើយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​របស់លោក Mueller បាន​ស្ងៀមស្ងាត់​អំពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេត​នេះហើយ​ការកត់សម្គាល់​របស់លោក Whitaker គឺជា​ការបង្ហាញ​ជា​ផ្លូវការ​លើកដំបូង​ដែលថា ការស៊ើបអង្កេត​នេះ​អាច​នឹង​ដល់ទី​បញ្ចប់​។​

លោក Whitaker បាន​និយាយថា “​ខ្ញុំ​បានទទួល​ការពន្យល់​ពេញលេញ​ពី​ការស៊ើបអង្កេត​នេះហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​លោក Mueller ក្នុង​ការផ្ញើ​របាយការណ៍​ចុងក្រោយ​”​។​

លោក Mueller អាច​ដាក់ជូន​របាយការណ៍​របស់គាត់​ដល់​លោក Whitaker បាន​លុះត្រាតែ​គាត់​ត្រូវបាន​ជំនួស​តំណែង​ជា​អគ្គ​រដ្ឋអាជ្ញា​ដោយ​លោក Bill Barr ដែល​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​នេះ​ដោយ​លោក​ប្រធានាធិបតី Trump ប៉ុន្តែ​មិនទាន់​ត្រូវបាន​បញ្ជាក់​ដោយ​ព្រឹទ្ធសភា​នៅឡើយ​ទេ​។​

លោក Mueller ដែលជា​អតីត​ប្រធាន FBI ត្រូវបានតែងតាំង​ដោយ​អគ្គ​រដ្ឋអាជ្ញា Rod Rosenstein នៅក្នុង​ខែឧសភា​ឆ្នាំ​២០១៧​ដើម្បី​ពិនិត្យមើល​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​

លោក Mueller ត្រូវបានតែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​បន្ទាប់ពី​លោក Trump បាន​បណ្តេញ​ប្រធាន FBI លោក James Comey យ៉ាង​ឆាប់រហ័ស​ក្នុង​ខែ​ដដែល​នោះ​។​

ក្រុម​របស់គាត់​បាន​ចោទប្រកាន់​មនុស្ស​សរុប​ចំនួន​៣៤​នាក់​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនមាន​ការចោទប្រកាន់​ពី​ការឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​របស់លោក Trump និង​ក្រុង​មូ​ស្គូ​ទេ​។​

លោក Trump បាន​បដិសេធ​ការចោទប្រកាន់​នេះ​ជា​ច្រើនដង​ថា វា​ជា “​ការរៀបចំ​ខាង​នយោបាយ​” និង​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា មិនមាន​ការឃុបឃិត​គ្នា​រវាង​យុទ្ធនាការ​របស់គាត់​ជាមួយ​ក្រុង​មូ​ស្គូ​ទេ​។​

ជា​ញឹកញាប់​លោក​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ថ្កោលទោស​សមាជិក​នៃ​ក្រុម​របស់លោក Mueller ថា​ជា “​ក្រុម​នៃ​អ្នកប្រជាធិបតេយ្យ​ដែលមាន​ការខឹង​សម្បា​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu