Ad Code

រដ្ឋមន្ត្រីការបរទេស​ អំពាវនាវ​ឲ្យ NGO បរទេស​ទាំងអស់​ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ​តាម​ប្រព័ន្ធ​ធនាគារ​ស្របច្បាប់ និង​ជៀសវាង​សកម្មភាព​ណា ដែល​ជាប់​ពាក់ព័ន្ធ​ហិរញ្ញប្បទាន​ភេរវកម្ម



ភ្នំពេញ​ ៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទូច​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់​ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ធនាគារ​ស្របច្បាប់ និង​ជៀសវាង​សកម្មភាព​ណា ដែល​ជាប់​ពាក់ព័ន្ធ​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់​ឡើង​ដោយ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ី​ហ្វិក ស្តីពី​ការសម្អាត​ប្រាក់ ជៀស​ឲ្យ​ផុតពី​ការធ្លាក់​ចូលទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និង​កុំ​ឲ្យ​មាន​ជា​បច្ច័យ​អវិជ្ជមាន​ដល់​កម្ពុជា លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម​។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ អំពាវនាវ​បែបនេះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។

លោក​លើកឡើងថា ការជួបប្រជុំគ្នា​លើកដំបូង ជា​ផ្លូវការ ជាមួយ NGO បរទេស​នាពេលនេះ បាន​ធ្វើឡើង​ក្រោយពី​ច្បាប់ ​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (Law on Associations and Non-Governmental Organizations-LANGO) ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៥។

ជាមួយគ្នា​នោះ ​លោក​រំពឹងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ នឹង​រួមចំណែក​លើកកម្ពស់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស (Foreign NGOs) ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ដើម្បី​បម្រើ និង​ការពារ​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ ហើយ​វេទិកា​នេះ ក៏​នឹង​ផ្តល់ឱកាស​ឲ្យ​រួមគ្នា​កំណត់​នូវ​បញ្ហា​ប្រឈម​នានា និង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ពង្រឹង​ការអនុវត្ត ច្បាប់​ និង​បទបញ្ញត្តិ​ជា​ធរមាន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​សក្ដិសម​ជា​នីតិរដ្ឋ​។​

ឆ្លៀត​ក្នុងឱកាស​នេះ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងការបរទេស ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់​ដែល មាន​សមានចិត្ត និង​សុ​ឆន្ទៈ​ស្មោះសរ ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការ​កសាង​ជាតិ និង​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ​ក្នុង​គ្រប់​កាលៈទេសៈ ដោយ​ឥត​លក្ខខណ្ឌ ចាប់​តាំងពី​គ្រាក្រ​លំបាក រហូត​ដល់​កម្ពុជា សម្រេចបាន​នូវ​សន្តិភាព​ពេញលេញ​, ឯករាជ្យ​ភាព​, ការឯកភាព​ជាតិ​, ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​ជាទូទៅ​លើ​គ្រប់​វិស័យ​។

តាម​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​កន្លងមក ពិតជា​មានការ​ចូលរួម​ចំណែក​មិនអាច​ខ្វះ​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​មាន​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​។ អង្គការ​សង្គម​ស៊ីវិល​ ទាំង​ក្នុង​ស្រុក និង​បរទេស​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ផ្តល់​សេវា និង​គាំទ្រ​ដល់​វិស័យ​សំខាន់ៗ ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច សង្គមកិច្ច​នៅតាម​មូលដ្ឋាន​ជនបទ និង​សហគមន៍​ដាច់​ស្រយាល នៅក្នុង​ប្រទេស​កម្ពុជា​។

រាជរដ្ឋាភិបាល ប្ដេជ្ញា​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ និង​បើកទ្វារ​ចំហ​រង់ចាំ​ស្វាគមន៍​នូវ​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំង​អស់ ដែល​ប្រតិបត្តិ​ដោយ​សុ​ឆន្ទៈ និង​ឈរ​លើ​ឧ​ត្ត​ម​គតិ​ នៃ​ការគិតគូរ​ដល់​ប្រយោជន៍​ប្រជាជន​ជាធំ​។​

ទាក់ទង​ដល់​ច្បាប់​ ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា ច្បាប់​នេះ​ រៀបចំឡើង​ក្នុង​គោលបំណង​ការពារ​សិទ្ធិ​សេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដូច​មាន​ចែង​នៅក្នុង​មាត្រា​១ និង​មាត្រា​២ នៃ​ច្បាប់​នេះ​។

លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ នៃ​ការ​អភិវឌ្ឍ​ប្រកប ដោយ​បរិ​យា​ប័ន្ន ហើយ​តែង​ឲ្យ​តម្លៃ​ជានិច្ច​ដល់​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​ជា​ផ្នែក​មួយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​អង្គ​ ដែល​ទទួល​បាន​អាណត្តិ​ស្របច្បាប់ តែ​មួយ​គត់​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ក្នុង​ការ​ដឹកនាំ​, រាជរដ្ឋាភិបាល​មានបំណង​ប្រាថ្នា​តែមួយគត់ គឺ​រួម​គ្នា​ធ្វើយ៉ាងណា​ឲ្យ​ការចូលរួម​ទាំងនោះ​ប្រព្រឹត្ត​ទៅដោយ​ការគោរព​គ្នា​ទៅវិញទៅមក​នូវ​អាណត្តិ​កិច្ច និង​ស្ថិត​ត្រឹម​ដែន​កំណត់​ នៃ​សិទ្ធិ ក្នុង​កិច្ចប្រតិបត្តិការ​រៀងៗ​ខ្លួន​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បញ្ជាក់ទៀតថា “​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​កំណត់​យ៉ាងច្បាស់​អំពី​សមត្ថកិច្ច​រ​បស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងការ​ចុះបញ្ជី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងស្រុក (Local Associations/NGOs) ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ហើយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស (Foreign Associations/NGOs) ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ក្រោម​ទម្រង់​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា (MoU)​។

MoU រវាង​ក្រសួងការបរទេស ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស មាន​សុពលភាព ៣ (​បី​)​ឆ្នាំ និង​អាច​បន្ត​សុពលភាព​បាន​។ ក្រោយ​ច្បាប់​នេះ​ ចូល​ជា​ធរមាន ក្រសួង​ បានធ្វើការ​កែតម្រូវ​ខ្លឹមសារ​នៃ MoU គំរូ​ចាស់ ឲ្យ​ស្របតាម​ខ្លឹមសារ​ នៃ​ច្បាប់ និង​បាន​អនុវត្ត MoU គំរូ​ថ្មី ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ព្រមទាំង​បានទទួល​ចុះ MoU ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ថ្មី​ចំនួន​៦៥ បន្ថែម​ទៀត​។​

គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន​៣៨៦ នៅមាន​សុពលភាព ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងនោះ មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីបអាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែលមាន​គម្រោង​សំខាន់ៗ​ផ្តោតលើ​វិស័យ​មួយចំនួន​ដូចជា អប់រំ សុខាភិបាល សង្គម​កិច្ច កសិកម្ម បណ្ដុះបណ្ដាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន​។​

ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ជា​ដៃគូ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល បរទេស ត្រូវ​បន្ត​សហការ សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ ដែល​នៅ​មាន សុពលភាព MoU ជាមួយ​ក្រសួងការបរទេស ក្នុង​កិច្ចប្រតិបត្តិការ​សកម្ម​ភាព​របស់​ពួកគាត់​។

ទន្ទឹមនេះ សូម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ អនុវត្ត​សកម្មភាព​របស់ខ្លួន​ឲ្យ​ស្របតាម​ក្របខ័ណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន​។ លើសពីនេះ​ទៀត សូម​ជៀសវាង​ជា​ដាច់​ខាត​នូវ សកម្មភាព​ទាំងឡាយណា ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់ឡើង​ ដោយ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក ស្តីពី​ការសម្អាត​ប្រាក់ ដើម្បី​ជៀសផុត​ពី​ការធ្លាក់​ចូលទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និង​កុំ​ឲ្យ​មាន​ជា​បច្ច័យ​អវិជ្ជមាន​ដល់​កម្ពុជា​យើង​លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម​។ ទន្ទឹមនឹងនេះ សូម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​តាម​ប្រព័ន្ធ​ធនាគារ​ដែល​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ផ្លូវ​ការ​ចេញ​ដោយ​ធនាគារ​ជាតិ នៃ​កម្ពុជា​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu