ពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF U22 Championshipនៅឆ្នាំ ២០១៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងរាជធានីភ្នំពេញ ត្រូវប្រកួតចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះតទៅហើយ ស្របពេលប្រកួតបើកឆាកក្នុងពូល A ក្រុមវៀតណាម ប៉ះហ្វីលីពីន ហើយថៃ ជួបទីម័រខាងកើត។
តាមគម្រោងការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រុមវៀតណាម ប៉ះហ្វីលីពីន នៅម៉ោង៣:៣០នាទីរសៀលហើយគូបន្ទាប់ក្រុមថៃ ជួបទីម័រខាងកើត នៅវេលាម៉ោង៦និង៣០នាទីយប់។ ចំណែកពូល B វិញនឹងប្រកួតនៅថ្ងៃច័ន្ទ ដោយក្រុមមីយ៉ាន់ម៉ា ប៉ះក្រុមឥណ្ឌូណេស៊ី នៅម៉ោង៣និង៣០នាទីរសៀល ហើយក្រុមម៉ាឡេស៊ី ប៉ះម្ចាស់ផ្ទះកម្ពុជា នៅម៉ោង៦និង៣០នាទីយប់។ ប្រកួតនេះផងដែរនឹងផ្សាយផ្ទាល់លើប៉ុស្តិ៍ទូរទស្សន៍ MY TV ខណៈសំបុត្រចូលទស្សនាមានដាក់លក់ក្នុងតម្លៃ៥០០០៛និង១០០០០៛។
សូមបញ្ជាក់ថា ពានរង្វាន់ AFF U22 Championship មានក្រុមចំនួន៨ចូលរួមដោយក្នុងនោះពូល Aមាន វៀតណាម ថៃ ទីម័រខាងកើត និងហ្វីលីពិន ខណៈឯក្នុងពូល B វិញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតធ្វើឡើងពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។
ចំពោះភាគីកម្ពុជា វិញបានប្រមូលផ្តុំកីឡាករមួយរយៈមកហើយ ដែលមានសមាជិក៥៤នាក់មុនជម្រុះសល់២៣នាក់មុនការប្រកួតមកដល់។ ក្រុមកម្ពុជា ដឹកនាំដោយលោក Felix Dalmas ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងជាដៃស្តាំងរបស់កីឡាករនិងអ្នកចាត់ការទូទៅក្រុម Keisuke Honda របស់ក្រុមជម្រើសជាតិកម្ពុជា។
តាមពិតទៅពានរង្វាន់ប្រភេទយុវជន U22 នេះត្រូវបាន AFF សហការគ្នាបង្កើតឡើងវិញ នៅឆ្នាំ២០១៩ ខាងមុខ ក្រោយពីខកខានជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ គណៈកម្មការក៏បានកំណត់ដែលថា ក្រុមខ្លាំងជាងគេចំនួន៤ក្រុម នៃពានរង្វាន់ AFF U22នេះ នឹងទទួលបានកៅអីឡើងទៅលេងក្នុងវគ្គជម្រុះពានបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ (U23) ប្រចាំទ្វីបអាស៊ី (AFC U-23) ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments