លោក ញឹក ប៊ុនឆៃ បានអះអាងថា ការរួបរួមគ្នារវាងគណបក្សរួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នៅមិនទាន់ទៅរួច
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំជាមួយសមាជិក សមាជិកា ដែលថ្នាក់ដឹកនាំបក្ស ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានអះអាងថា ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ នឹងលើកជាសំណើមួយអំពីស្លាកគណបក្ស គឺលើកតែរយៈពេលឃោសនា១ខែបានហើយ ហើយនៅពេលចប់ឃោសនាយើងយកចេញវិញ។
លោក ញឹក ប៊ុនឆៃ លើកឡើងថា យើងគួរប្រកួតប្រជែងគ្នាតែនៅលើគោលនយោបាយទៅបានហើយ គោលនយោបាយគណបក្សណាល្អ គោលនយោបាយគណបក្សណាមិនល្អ ហើយធ្វើតែក្នុងរយៈពេលឃោសនាទៅបានហើយ ដើម្បីជៀសវាងធ្វើឲ្យមានការប៉ះពាល់គ្នា ក្លាយទៅជាហិង្សាជាដើម។ ជាមួយគ្នានោះ លោកបានអះអាងពីបញ្ហាស្លាកគណបក្ស ដោយលោកបានអះអាងថា ពេលណាមួយ សមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ទាំង១៦គណបក្ស នឹងលើកជាសំណើមួយ គឺលើកតែនៅពេលឃោសនាមួយខែបានហើយ ក្រោយពីឃោសនា ត្រូវលើកយកទៅទុកវិញ ហើយនៅប្រទេសគេ ក៏ធ្វើបែបនេះដែរ ហើយបើយើងទុកច្រើនពេក មើលទៅហាក់ដូចជាបែងចែកបក្សពួក ពណ៌សម្បុរ គ្មានការសាមគ្គីគ្នា ហើយសព្វថ្ងៃនេះ សូម្បីតែតាមវត្ត ក៏មានការចែងបែកគ្នាដែរ ដូច្នេះយើងគួរធ្វើបែបនេះ។
ទាក់ទងដល់ការរួបរួមគ្នារវាងគណបក្សរួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានអះអាងថា គណបក្សរួបរួមជាតិ យើងបានបើកទូលាយឲ្យមានការរួបរួម ហើយពីមុនយើងមានបញ្ហាខ្លះ មិនទុកចិត្តគ្នា ទើបធ្វើឲ្យមានការបែកបាក់នេះ ហើយនៅក្នុងគណបក្សយើងនេះក៏មាន អ្នកខ្លះមិនចង់ឲ្យមានការរួបរួមគ្នាដែរ ដោយខ្លាចបាត់បង់ផលប្រយោជន៍អីជាដើម។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លោកបានលើកឡើងពីការបង្រួបបង្រួមនេះ ហើយគោលបំណងនៃការបង្រួបបង្រួមនេះ ទី១, ពង្រឹងអ្នករាជានិយម ដើម្បីថែរក្សាកេរ្តិ៍ដំណែលរបស់សម្តេចឪ សម្តេចតា តទៅមុខទៀត ហើយកន្លងមកមាន ដែលឈានមកដល់ការបង្កើតគណបក្សរាជានិយមនេះ ដោយតែការបែកបាក់ និងបក្សពួកនិយមច្រើនពេក ទើបមិនអាចនៅជាមួយគ្នាបាន តែមកដល់ពេលនេះស្ថានការហាក់ដូចជាបរិយាកាសភ្លឺថ្លា ដែលយើងអាចរួមរួមគ្នាបាន។ ទី២, ដើម្បីថែរក្សាប្រវត្តិសាស្ត្រ ពីព្រោះហ៊្វុនស៊ិនប៉ិចជាភាគីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមាន៤ភាគី គឺគណបក្សប្រជាជនកម្ពុជា មានគណបក្សហ៊្វុនស៊ិនប៉ិច មានគណបក្សលោកតាស៊ឺនសាន និងកម្ពុជាប្រជាធិបតេយ្យ ហើយមកដល់ពេលនេះបាត់កម្ពុជាប្រជាធិបតេយ្យ និងគណបក្សលោកតាស៊ឺនសានហើយ នៅសល់តែ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះយើងពង្រឹងឡើងវិញ ដើម្បីកុំឲ្យបាត់បង់។
តាមលោក ញឹក ប៊ុនឆៃ អះអាងថា នៅកម្ពុជាបើមានគណបក្សតែ៣ ក៏ស្រួលធ្វើការដែរ អ្នកណាចូលចិត្តគណបក្សប្រជាជនកម្ពុជា ក៏ទៅខាងគណបក្សប្រជាជនកម្ពុជាទៅ អ្នកណាចូលចិត្តរាជានិយម ក៏ទៅខាងរាជានិយមទៅ អ្នកណាស្រឡាញ់ប្រជាធិបតេយ្យ ក៏ទៅខាងប្រជាធិបតេយ្យទៅ កុំឲ្យមានសាមសែសិបបែបនេះ ច្រើនណាស់ ហើយវាមិនប្រជាធិបតេយ្យទៅជាអនាធិបតេយ្យ។
លោកបញ្ជាក់ថា បញ្ហាសំខាន់ គឺការរួបរួមគ្នានេះហើយ ការរួបរួមគ្នានេះ មានសារសំខាន់ណាស់ ទោះបីជានៅក្នុងក្រុមគ្រួសារមួយក៏ដោយ នៅពេលបង្រួបបង្រួមគ្នាបានល្អ គឺគ្រួសារនោះ មានការរីកចម្រើន ហើយនៅក្នុងប្រទេសមួយ បើមានការរួបរួមគ្នា គឺពិតជាមានការអភិវឌ្ឍន៍ ប្រទេសរុងរឿង។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យសមាជិក សមាជិកា នៅតាមមូលដ្ឋានធ្វើការជាមួយគ្នា រួបរួមគ្នា កុំលាបពណ៌គ្នាតទៅទៀត។
ថ្លែងទៅកាន់សមាជិក សមាជិកា នាឱកាសនោះ លោក ញឹក ប៊ុនឆៃ ក៏បានឆ្លៀតលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ដោយលោកបានអះអាងថា ទន្ទឹមនឹងសហភាពអឺរ៉ុប បានដំណើរការដក EBA នេះ ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទាំង១៦គណបក្សបានចុះហត្ថលេខាលើសេចក្តីស្នើមួយ ទៅកាន់សហភាពអឺរ៉ុប ដើម្បីឲ្យពិចារណាឲ្យបានដិតដល់ ពីព្រោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ វានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ គណបក្សខ្មែររួបរួមជាតិ បានបើកកិច្ចប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ប្រធានគណៈកម្មការប្រតិបត្តិខណ្ឌរាជធានីខេត្ត និងមន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងមានសមាជិក សមាជិក ជាថ្នាក់ដឹកនាំចំនួន៥៥រួប ហើយរបៀបវារៈក្នុងកិច្ចប្រជុំនោះមាន២ គឺទី១. ផែនការអនុវត្តន៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និងទី២. បញ្ហាផ្សេងៗ។ កម្មវិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ដែលស្ថិតនៅផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments