Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផ្សព្វផ្សាយ​ការ​ផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​តាម​រយៈ​អង្គភាព​ច្រកចេញចូល​តែមួយ



ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៥​កុម្ភៈ បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម វិស័យ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ក្នុង​រាជធានី​ភ្នំពេញ​មក​ចូលរួម​ស្តាប់​ការ ផ្សព្វផ្សាយ​ស្ដីពី​ការ​ផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​។



លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ការ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ចង់​ឲ្យ​លោក លោកស្រី​ជា​ម្ចាស់​អាជីវកម្ម​ពាក់​ព័ន្ធ​ នឹង​វិស័យ​កសិកម្ម​បាន​យល់ដឹង​ពី​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្រកចេញចូល​តែមួយ​នេះ កាលពី​ថ្ងៃទី​២៦​កក្កដា ឆ្នាំ​២០១៨ តាម​អនុក្រឹត្យ​លេខ​១៨ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល​។​



លោក​ហួត ហៃ បាន​បន្ត​ថា អង្គភាព​ច្រកចេញចូល​តែ​១ គឺជា​កន្លែង​ប្រមូល​ផ្តុំ ការ​ផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ តាម​នីតិ​សាមញ្ញ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព​និង​គណនេយ្យភាព លុបបំបាត់​អំពើពុករលួយ ឬ​ការ​បង់​ថវិកា​ខុសពី​ច្បាប់​កំណត់ និង​កាត់បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ពិបាក​ក្នុង​ការ​សុំច្បាប់ មាន​លក្ខណៈ​ស្មុកស្មាញ​ត្រូវ​សុំ​នៅ​ច្រើន​កន្លែង​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន​។



លោកស្រី​មួក យុវ​ល័ក្ខ ប្រធាន​អង្គភាព​ច្រក ចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវក​រលើ​វិស័យ​កសិកម្ម​ណា​ ដែល​មិន​ទាន់មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម ឬ​មាន​អាជ្ញា​ប័ណ្ណ​រួចហើយ តែ​ផុត​សុពលភាព សូម​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​ប័ណ្ណ​ទាំង​ថ្មី និង​បន្ត នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ហើយ​មក​យក​វិញ​នៅ​កន្លែង​ដដែល​ដោយមាន​រយៈពេល​ច្បាស់លាស់ មាន​កម្រៃ​ពិតប្រាកដ​។ ជាពិសេស​ស្នើសុំ ឲ្យ​ម្ចាស់​អាជីវកម្ម​អញ្ជើញ​មក​ដោយ​ផ្ទាល់​មិន​ចាំ​បាច់​មាន​អ្នក​រត់ការ​។ ​តែបើ​ម្ចាស់ រវល់​អាច​ឲ្យ​តំណាង ឬ​ភ្នាក់ងារ​មក​ជំនួស​បាន​ប៉ុន្តែ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្តល់​សេវា​ជូន​អ្នកតំណាង​នោះ​ទេ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu