Ad Code

បុណ្យ​ចូល​ឆ្នាំ​ចិន ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទេ​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​នេះ​គឺជា​ការ​ខំ​​ប្រឹងប្រែង​របស់​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​​



​កំពង់ឆ្នាំង ​៖ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លទ្ធផល ការងារ​បង្ក្រាប​គ្រឿងញៀន ​ឆ្នាំ​២០១៨ នៅក្នុង​សាលា​នយោបាយ​ខេត្តកំពង់ឆ្នាំង​ថា ​៖
សូម​កោតសរសើរ​ដល់​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ និង​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ល្អ ជាក់ស្ដែង​នៅ​បុណ្យ​ចូលឆ្នាំ​ចិន​៤​ថ្ងៃ​ ថ្មីៗ​នេះ នៅក្នុង​ខេត្តកំពង់ឆ្នាំង ពុំ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ។ ចំណែក​បញ្ហា​គ្រឿងញៀន គឺ​ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប បន្ត​សកម្មភាព​បង្ក្រាប​ឲ្យ​បាន​ព្រមៗ​គ្នា​នៅ​គ្រប់​មូលដ្ឋាន ដោយ​ត្រូវ​អនុវត្តន៍​កុំ​៣​ គឺ ១.​កុំ​ចិញ្ចឹម ២​.កុំ​ឃុបឃិត និង​ ៣.​កុំ​អត់​គិតគូរ គឺ​នៅពេល​អស់​គ្រឿងញៀន​ទើប​ប្រជាពលរដ្ឋ យើង​រស់នៅ​សុខដុមរមនា។

ឯកឧត្ដម​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បន្តថា ចំពោះ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី​ បើ​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៧ ក៏ពិតមែន ប៉ុន្តែ​ខេត្តកំពង់ឆ្នាំង បានទទួល​ការ​កោតសរសើរ ពី​គណៈកម្មការ សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ថ្នាក់​ជាតិ អំពី​ការពង្រឹង​សុវត្ថិភាព ចរាចរណ៍ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កាត់បន្ថយ​ជាង​ខេត្ត​ដទៃទៀត។

ដោយឡែក ​ចំពោះ​គ្រឿងញៀន​វិញ តាម​របាយការណ៍​រប​ស់លោក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត បាន​បញ្ជាក់​ថា ការបង្ក្រាប​គ្រឿន​ញៀន បានជា​ច្រើន​ករណី ក៏ប៉ុន្តែ​យើង​គ្រប់គ្នា​មិន​ចង់ឃើញ ការ​បង្ក្រាប​បែបនេះ​នោះទេ គឺ​យើង​ចង់ឃើញ​នៅក្នុង​ខេត្តកំពង់ឆ្នាំង គ្មាន​ការប្រើប្រាស់​គ្រឿងញៀន គ្មាន​ការជួញដូរ​គ្រឿងញៀន ទើប​ប្រជាពលរដ្ឋ​រស់​ដោយ​សុខសាន្ត គ្មាន​អ្នករបួស​ ឬ​ស្លាប់​ដោយ​អំពើ​ហិង្សា និង​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឥទ្ធិពល ​នៃ​គ្រឿងញៀន។

នៅក្នុង​ពិធី​នោះ​ដែរ លោក កែវ ពៅ ប្រធាន​លេខាធិការដ្ឋាន អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​អាន​របាយការណ៍​ឲ្យ​ដឹងថា​ នៅក្នុង​ឆ្នាំ ២០១៨ គិត​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ខេត្ត​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន១១៣លើក កើនឡើង​ជាង​ឆ្នាំ​ចាស់ ៣៥លើក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ចំនួន៩៤​នាក់ , កើនឡើង​ជាង ឆ្នាំ​ចាស់​១៤​នាក់ , រងរបួស​ស្រាល ចំនួន៧១នាក់ , ថយចុះ២៨នាក់ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់៤៤​នាក់ , ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់ មាន​អ្នកស្លាប់​ចំនួន​៣៣នាក់ ,​កើនឡើង​១១នាក់​។

ដោយឡែក លោក ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត បាន​អាន​របាយការណ៍​ឲ្យ​ឲ្យ​ដឹងថា​ ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ​។ បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​១៣២​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន​៥៩១​នាក់ ចាប់​ដក​ហូត​បាន​គ្រឿងញៀន មាន​ មេ​តំ​ហ្វេ​តា​មីន​( ICE )​ទម្ងន់​ជិត​៦​ពាន់​ក្រាម , ថ្នាំញៀន​ប្រភេទ w y ចំនួន​១៨៣ គ្រាប់​, កញ្ឆា​ក្រៀម១៦​ក្រាម , ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន ៦​គ្រឿង , រថយន្ត​៣​គ្រឿង​,​ម៉ូតូ​៣៤ គ្រឿង ទូក​ចំនួន​៣​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន​១៩២គ្រឿង , កាំភ្លើង​កែច្នៃ៦​ដើម , ដាវ​២៣​ដើម កាំបិត ៤ , ដែកឆាប​១ ,​កន្ត្រៃ​៤ លុយ​ខ្មែរ​ជិត​២​លាន​រៀល , លុយ​ដុល្លា​រ​៤៩ដុល្លារ , និង​ឧបករណ៍​វេច​ខ្ចប់ មួយ​ចំនួនធំ​ទៀត។​

លោកស្នងការ​នគរបាល​ខេត្ត ក៏​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៧០​ឃុំ​សង្កាត់ ត្រូវ​សកម្ម​ស្រាវជ្រាវ​ទប់ស្កាត់ និង​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ឲ្យ​បាន​ជោគជ័យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន។ ដោយ​យើង​គិតថា នៅក្នុង​ខេត្ត​មាន​៧០​ប៉ុស្តិ៍ បើ​ក្នុង​១​ខែ​យើង​បង្ក្រាប​បានតែ​១​ករណី​នោះ សរុបទៅ​នៅក្នុង​ខេត្ត​ក៏បាន​៧០​ករណី​ហើយ​ដែរ គឺ​គ្រឿងញៀន​នឹង​អាច​កាត់បន្ថយ​បានជា​បន្តបន្ទាប់ គ្មាន​គ្រឿងញៀន​ទើប​យុវជន​ជា​អ្នក​បន្តវេន​មាន​ការអភិវឌ្ឍ ប្រទេសជាតិ ​និង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។​

សូមបញ្ជាក់ថា នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​នេះ មាន​លោក​មេភូមិ​មកពី​ភូមិ​ទាំង​២៦៩​ភូមិ មេឃុំ​ទាំង​៧០​ឃុំ​សង្កាត់ លោក​មេ​ប៉ុស្តិ៍​នគរបាល​មក​៧០​ប៉ុស្តិ៍ ដែល​មកពី​គ្រប់​ស្រុក​ក្នុង​ខេត្ត រួម​នឹង​មន្ត្រី​មកពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន​ចូលរួម​ជាង​៨០០​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu