Ad Code

ធន់​ ចាន់​តាក់ ជួប​សាក​កណ្ដាប់ដៃ​ជាមួយ ចាក់​រ៉ូ​ត ភេត នៅ​សង្វៀន​SEATV



ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចាក់​រ៉ូ​ត ភេត (Chakrout Phat) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥ ០០ គ​.​ក្រ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​​២០១៩​នេះ។​

ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជាង​២០​នាក់​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុង​ក្រោយ​នៅ​សង្វៀន​SEATV​នេះ​(០២​កញ្ញា​២០១៨) គេ​បាន​វាយ​ឈ្នះ​ថៃ​Soun Tepheap ដោយ​ពិន្ទុ។​

ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៩ ចាញ់​១១ លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់​អាច​យកឈ្នះ​ចាក់​រ៉ូ​ត ភេត បាន​ឬក៏​អត់​នោះទេ​? ។​

ចាក់​រ៉ូ​ត ភេត ជា​ជើង​ខ្លាំង​ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។​ ដូច្នេះ​ធន់ ចាន់​តាក់ ​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៣​លើក ឈ្នះ​៤៣​លើក​ចាញ់​០៩​លើក​ និង ស្មើ​០១​លើក។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង ចាក់​រ៉ូ​ត ភេត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

ចំពោះ​ការប្រកួត​មិត្តភាព​រវាង​ខ្មែរ​ និង​ខ្មែរ​វិញ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹង​ជួប​សងសឹក​ជាមួយ ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​

សួង សុវណ្ណ​ថា បាន​វាយ​ចាញ់​ថន ភឿ​ត ដោយ​ពិន្ទុ​ចំនួន​២​លើក​មកហើយ កាលពី​ក្នុង​ឆ្នាំ​២០១៧​កន្លងមក តែ​ការ​ចាញ់​របស់គេ​នេះ ធ្វើឲ្យ​គេ​មិន​អស់ចិត្ត​នោះឡើយ។​

យ៉ាងណា សួង សុវណ្ណ​ថា ប្រហែលជា​នៅតែ​យ៉ាប់​ជាមួយ​ថន ភឿ​ត​ ដដែល​ហ្នឹង ត្បិត​អ្នក​ប្រដាល់​ថន​ភឿ​ត​ នេះ គេ​ល្អ​និង​ខ្លាំង ហើយ​មួយទៀត សុវណ្ណ​ថា​ ឥឡូវ​គេ​ក៏​វាយ​ធ្លាក់​ដែរ។​
​កាលពី​ឡើង​ប្រកួត​ថ្ងៃទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​កន្លងទៅនេះ សួង សុវណ្ណ​ថា ត្រូវ​ធា នុ​រាជ វាយ​ឲ្យសន្លប់​ក្នុង​ទឹក​ទី​៤ ដោយ​ការ​ទាត់​ផ្កាប់​ចាន​ត្រូវ​កញ្ចឹង ក នោះ​។ ដូច្នេះ ចាំមើល​ សួង សុវណ្ណ​ថា អាច​សងសឹក​យកឈ្នះ ​ថន ភឿ​ត បានសម្រេច​ ឬ​អត់​នៅក្នុង​ការជួប​ប្រកួត​គ្នា​លើក​ទី​៣​នេះ?។​

សូមបញ្ជាក់ថា ថន ភឿ​ត គេ​ឡើង​ប្រកួត​លើកចុងក្រោយ​នេះ​(២០​មករា​២០១៩) គេ វាយ​ចាញ់​ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ក្នុង​ទឹក​ទី​៥។​

សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។​

ណាក់ សុខា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ​សល់ ពិសិដ្ឋ ជា​អ្នក​ប្រដាល់​ជើងចាស់ ​ប៉ុន្តែ​បាន​អាក់​ខាន​ឡើង​ប្រកួត​យូរហើយ ទើបតែ​វិល​មក​សង្វៀន​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ សុខា បានមក​ឡើង​ប្រកួត​វិញ នា​ថ្ងៃទី​០៥​ ខែមករា​ ឆ្នាំ​២០១៩ ហើយ​បាន​វាយ​ចាញ់​ជើងចាស់​ភុ​ន សោ​ភ័​ណ្ឌ ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ក្នុង​ទឹក​ទី​២។

ដូច្នេះ​ចាំ មើល ការជួបគ្នា​រវាង​សល់ ពិសិដ្ឋ​និង​ណាក់ សុខា នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។ ណាក់ សុខា គេ​ប្រកួត​លើកចុងក្រោយ​នេះ​(២៩​ធ្នូ​២០១៨) ដោយ​វាយ​ចាញ់​អេ រាជសីហ៍ អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​៤។​

ចំណែក ឆោម ប៊ុនឡុង អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ម៉ន ចិន្តា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ កងទ័ពជើងគោក ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ហើយ​កាន់ ម៉េង​ហុង ក្លិប​នាគរាជ​មានជ័យ ជួប​ប្រកួត​ជាមួយ​សេក ទីណា​ល់ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu