ព្រៃវែង ៖ ជនសង្ស័យ ជាសិស្សសាលាប្រុស/ស្រីចំនួន៣នាក់ ត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការនគរបាល ខេត្តព្រៃវែងចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេឃុបឃិតគ្នាធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះជាសិស្សដូចគ្នាបាន១ថ្ងៃ។
ប្រតិការ ខាងលើ ដឹកនាំផ្ទាល់ដោយ លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង សហការជាមួយ លោក ស៊ឹម កុសល អធិការស្រុកពារាំង ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រោយពួកគេឃុបឃិតគ្នា រៀបគម្រោងយកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូពីក្មេងស្រីជាសិស្សសាលាដូចគ្នា បាន ១ថ្ងៃ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ខាងលើ គឺទី១,ឈ្មោះ ភា ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ។ ទី,២ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ និងទី៣,ឈ្មោះ លឹម ស៊ីវឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ អ្នកទាំង៣នាក់ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកម៉ូតូ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ខាងលើម៉ាក ឌ្រីមសង់C១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនមានស្លាកលេខ។
លោកស្នងការរងបន្តថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានជិះម៉ូតូខាងលើតែម្នាក់ឯង ចេញពីសាលារៀនព្រៃព្នៅ សំដៅមកផ្ទះរបស់ខ្លួននៅភូមិអង្គារដី លុះជិះមកដល់កន្លែងស្ងាត់ ត្រង់ចំណុចទួលកុកសៀម ចម្ងាយជិត២គីឡូម៉ែត្រ ខាងលិចភូមិព្រៃព្នៅ ឃុំ ព្រៃព្នៅ ស្រុកពារាំង ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ពាក់មួកសុវត្ថិភាព ជិះម៉ូតូមកជិត រួចកាន់ដាវប្រវែងកន្លះម៉ែត្រ មកភ្ជង់ចង្កេះសម្លុតនារីរងគ្រោះ ឲ្យចុះពីលើម៉ូតូ រួចពួកគេបានយកម៉ូតូជនរងគ្រោះ និងម៉ូតូពួកគេជិះម្នាក់មួយគេចខ្លួនបាត់ស្រមោល។
លុះដល់រសៀលថ្ងៃទី០៨ខែឆ្នាំដដែល នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្ត សហការជាមួយ នគរបាលស្រុកពារាំង ដឹកនាំដោយលោកផ្ទាល់ បានស្រាវជ្រាវយ៉ាង ម៉ត់ចត់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស( ប្លន់ ) យកម៉ូតូ C១២៥ ពណ៌ខ្មៅ កាលពីថ្ងៃទី០៧ ពីជនរងគ្រោះ ឈ្មោះ ភិន សុខឡេង ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិ អង្គាដី ឃុំព្រៃព្នៅ ពិតប្រាកដមែន ដោយពួកខ្លួនបានរៀបគម្រោងតាំងពីថ្ងៃទី២មកម្ល៉េះ ដោយតម្រូវឲ្យ ឈ្មោះ ភា ស្រីលីន ជាអ្នកដឹកនាំបង្ហាញផ្លូវ រីឯឈ្មោះ លឹម ម៉េងលាង និងឈ្មោះ លឹម ស៊ីវឡុង ជាអ្នកប្រព្រឹត្តផ្ទាល់។
ក្រោយប្លន់ម៉ូតូបាន ពួកគេបានយកទៅលាក់ក្នុងព្រៃ នាចំណុច ក្រោយរមណីយដ្ឋាន (ព្រៃដើមស្រុក) នៅស្រុកស៊ីធរកណ្ដាល ហើយត្រូវសមត្ថកិច្ចរកឃើញប្រគល់ជូនម្ចាស់ដើមវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបាននគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments