ភ្នំពេញ ៖ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ មុននេះបន្តិចថា លោកនឹងដាក់ពាក្យប្ដឹងមេបញ្ជាការប៉េអឹមខេត្តរតនគិរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ (acu) នាពេលឆាប់ខាងមុខនេះ ប្រសិនបើមន្ត្រីប៉េអឹមរូបនោះ មិនចេញមកបំភ្លឺ ឲ្យសាធារណជនដឹងពីការប្រកាសផ្ដល់លុយឲ្យកូនរាប់ម៉ឺនដុល្លារក្នុងម្នាក់ៗនោះ។
សូមបញ្ជាក់ថា ថ្មីៗនេះ ខ្សែវីដេអូមួយ ត្រូវបានគេបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយលោក គឹម រស្មី ដែលគេស្គាល់ថា ជាមេបញ្ជាការប៉េអឹមខេត្តរតនគិរី មានលុយចែកកូនៗដល់ទៅ១០ម៉ឺនដុល្លារក្នុងម្នាក់ៗ នៅក្នុងពិធីខួបកំណើត។ មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមាន សិង្ហបុរីផងដែរ។ ប្រការនេះ ធ្វើឲ្យមហាជន មានការងឿងឆ្ងល់ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសានមួយនេះ ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។
លោក រស់ សារ៉ុម លោកធ្លាប់បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដែរថា "សែកពិតឬសែកស្អុយឬ ចម្ការកៅស៊ូ ឬចម្ការម្រេច" ឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី សូមបំភ្លឺឲ្យច្បាស់ជូនសាធារណជន។ តាមរយៈ ខ្សែអាត់វីដេអូ ខ្ញុំមានបំណងប្តឹង ACU បើកកញ្ចប់ប្រកាសទ្រព្យសម្បត្តិរបស់គាត់ ដើម្បីបង្ហាញភាពស្អាតស្អំជូនគាត់ ព្រោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដូចខុសប្រក្រតី សូម្បីនាយឧត្តមសេនីយ៍ សៅ សុខា មេលោកផ្ទាល់ ជាទូទៅបើករថយន្តស៊េរីអន់ខ្លួនឯងទៅធ្វើការនៅឡើយ តើលោក គឹម រស្មី ក្លាហានហ៊ានបកស្រាយទេ ?៕
Source: Kampuchea Thmey Daily
0 Comments