ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃសៅរ៍ថា អ្នកមុជទឹកអូស្ត្រាលីពីរនាក់ដែលបានជួយសង្គ្រោះក្មេងប្រុសថៃ១២នាក់និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេចេញពីរូងភ្នំ បានសរសេរលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីថៃដើម្បីស្នើសុំឲ្យដោះលែងកីឡាករបាល់ទាត់សញ្ជាតិបារ៉ែនម្នាក់ដែលមានឋានៈជនភៀសខ្លួននៅក្នុងប្រទេសអូស្ត្រាលី។
ករណីរបស់លោក Hakeem Al Araibi អាយុ២៥ឆ្នាំបានបង្កឲ្យមានការរិះគន់ពីអន្តរជាតិខណៈតុលាការថៃកំពុងពិចារណាលើសំណើធ្វើបត្យាប័នពីប្រទេសបារ៉ែនដើម្បីឲ្យគាត់ទទួលទោសជាប់ពន្ធនាគារ១០ឆ្នាំទាក់ទងនឹងការបះបោរ Arab Spring កាលពីឆ្នាំ២០១១។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបដិសេធចំពោះការចោទប្រកាន់នេះ។
គាត់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្រុងបាងកកកាលពីខែវិច្ឆិកានៅពេលគាត់មកដល់ប្រទេសអូស្ត្រាលីជាមួយភរិយារបស់គាត់ដើម្បីក្រេបទឹកឃ្មុំ។ គាត់និយាយថា គាត់បានប្រឈមមុខនឹងការធ្វើទារុណកម្មនៅប្រទេសបារ៉ែនហើយចង់វិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញដែលជាកន្លែងគាត់រស់នៅចាប់តាំងពីឆ្នាំ២០១៤មកនិងលេងឲ្យក្លឹបបាល់ទាត់ក្រុង Melbourne។
លោក Richard Harris និងលោក Craig Challen ត្រូវបានគេផ្តល់កិត្តិយសថាជាជនជាតិអូស្ត្រាលីប្រចាំឆ្នាំកាលពីខែមករាសម្រាប់ការជួយសង្គ្រោះក្រុមបាល់ទាត់យុវជននិងជំនួយការគ្រូបង្វឹកដែលជាប់នៅក្នុងរូងភ្នំ Tham Luang របស់ប្រទេសថៃកាលពីខែកក្កដា។
ឥឡូវនេះពួកគេបានចូលរួមក្នុងយុទ្ធនាការមួយដែលកំពុងមានកម្លាំងខ្លាំងដើម្បីទាមទារឲ្យដោះលែងលោក Araibi ដោយពួកគេបានសរសេរលិខិតមួយច្បាប់ទៅឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា។
លោក Challen បានបញ្ជាក់ថា លិខិតមួយត្រូវបានផ្ញើទៅប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលដែលរ៉យទ័រទាក់ទងទៅគាត់នៅថ្ងៃសៅរ៍។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីថៃក៏មិនអាចទាក់ទងបានភ្លាមៗផងដែរ។
ចំណែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne មិនធ្វើអត្ថាធិប្បាយលើលិខិតនេះទេនៅពេលត្រូវបានសាកសួរដោយអ្នកយកព័ត៌មានក្នុងសន្និសីទកាសែតមួយនៅប្រទេសនូវែលហ្សេឡង់ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលកំពុងតាមដាននីតិវិធីច្បាប់និងជួយដល់មេធាវីការពារក្តីរបស់លោក Araibi៕ REUTERS
Source: Kampuchea Thmey Daily
0 Comments