Ad Code

រយៈពេល​៣​ថ្ងៃ​ នៃ​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម ភ្ញៀវទេសចរ​សម្រុក​ម​ក​សម្រាក លម្ហែ​ នៅ​រមណីយដ្ឋាន​ឆ្នេរ​កែប ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​



កែប ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ចិន​-​វៀតណាម ក្រុម​អ្នកទេសចរ​បាន​សម្រុក​មក​សម្រាក លម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរ​កែប​ដូច​ទឹកបាក់​ទំនប់​។​

យោងតាម​តួលេខ​របស់​រដ្ឋបាល​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម រមណីយដ្ឋាន​ខេត្ត​កែប​បានទទួល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​។ ​នេះ​គ្រាន់តែ​ជា​តួលេខ​បញ្ជាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​។​

ចំពោះ​ការធ្វើដំណើរ​មកកាន់​គោលដៅ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ ភ្ញៀវ​ទេសចរ​ពិតជា​សំដែង​ក្តី​រីករាយ​យ៉ាងខ្លាំង ខណៈ​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​របស់​ខេត្ត​កែប ​ត្រូវបាន​ស្ថាបនា ពង្រីក​ដ៏​ធំ​ទូលាយ​អម​ដោយ​សួន​នៅ​ចំ​កណ្តាល ងាយស្រួល​ធ្វើដំណើរ បញ្ចៀស​ការ​កកស្ទះ​។ ​លើសពីនេះ ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​កែប ក៏​ត្រូវ​បាន​តាក់តែង​កែលំអ​ប្រកបដោយ​សោភ័ណភាព​យ៉ាង​ស្រស់​ត្រកាល​គ្មាន​ពីរ​ផង​ដែរ​។​

ជាមួយនឹង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ ក្រៅពី​ការដើរ​កម្សាន្ត​នៅក្នុង​ទីប្រជុំជន​មាត់​ឆ្នេរ​កែប គេ​បាន​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​ បាននាំគ្នា​ទៅ​សម្រាក លម្ហែ​នៅ​តាម​តំបន់​ទេសចរ​ជា​ច្រើន​ទៀត ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ដូចជា ​ឆ្នេរ​អង្កោល តំបន់​ទេសចរណ៍​ភ្នំ​វល្លិ៍ សួន​មេអំបៅ និង​នៅ​តាម​បណ្ដា​កោះ​មួយចំនួនទៀត ពិសេស​ឆ្នេរ​កោះទន្សាយ​ជាដើម​។​

មហាជន​ភាគច្រើន​ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​តែង​ផ្តោត​ការចាប់អារម្មណ៍​ពី​ទេសភាព​ដ៏​ស្រស់បំព្រង​គ្មាន​ពីរ​របស់​ខេត្ត​កែប ដូច​ជា​ ការ​គយគន់​មើល​ព្រៃភ្នំ​ដែល​គ្របដណ្ដប់​ទៅ​ដោយ​ដើមឈើ​គ្រប់​ប្រភេទ ប្រកបដោយ​សម្រស់​យ៉ាង​ទាក់ទាញ​។ ​ការ​មក​លម្ហែ កម្សាន្ត​ នាឱកាស​នេះ ភ្ញៀវ​ទេសចរ​តែងតែ​ប្រដូច​តំបន់​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ ប្រៀប​បាន​នឹង​ឋាន​តុសិត ដែល​តំបន់​ទេសចរណ៍​ផ្សេងទៀត​ស្ទើរ​តែ​ប្រៀប​មិនបាន​។​

ជាការ​ពិតណាស់ ការ​មក​សម្រាក លម្ហែ កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​ខេត្ត​កែប យើង​ពិតជា​បាន​ស្រូប​យក​នូវ​ខ្យល់អាកាស​យ៉ាង​ត្រជាក់​បរិសុទ្ធ ថែមទាំង​បាន​ភ្លក់​នូវ​រសជាតិ​អាហារ​គ្រឿង​សមុទ្រ​ស្រស់ៗ​គ្រប់​ប្រភេទ ប្រកបដោយ​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសា​។​

ទន្ទឹមនឹង​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ពិធីបុណ្យ​ជាតិ​សំខាន់ៗ មហាជន​ក៏បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ដែល​បាន និង​កំពុង​ពុះពារ ធ្វើការ​កែលំអ កែប្រែ​សោភ័ណភាព​ឲ្យ​កាន់តែ​ស្រស់បំព្រង ដើម្បី​ឲ្យ​សក្ដិសម​ជា​ខេត្ត​ទេសចរណ៍​ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​លើ​ពិភពលោក គឺ ​"​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​ស្អាត​"​ គ្រប់​រដូវ​កាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu