Ad Code

កុលាលភាជន៍​សម័យ​អង្គ​រ​ចំនួន​មួយ ​ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​



សៀមរាប​ ៖​ បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ គឺ ​លោក ហៃ ហ៊​ត និង កញ្ញា ឆេង វុ​ច​នា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​សម្អាត ​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​ មុននឹង​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​រក្សាទុក កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក ហៃ ហ៊​ត បាន​ឲ្យ​ដឹងថា កុលាលភាជន៍​នេះ​ ប្រទះឃើញ​នៅ​បរិវេណ​ស្ថានីយ​បណ្ដុះ​កូនឈើ​ប្រាសាទ​តាកែវ ពេល​ក្រុមការងារ​ជីកដី​ក្នុង​ជម្រៅ​២​តឹក​ ដើម្បី​យក​អាចម៍​ដី​ទៅ​បណ្ដុះ​កូនឈើ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។ កុលាលភាជន៍​ នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែងតែ​ផ្នែក​មាត់​ខាង​លើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែ​ចប​ពេល​ជីក​ដី​។

​លោក​បន្ត​ថា ដោយសារ​លោក​ជា​បុគ្គលិក​បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដឹង​ព័ត៌មាន​ខ្លះៗ ​នៃ​ការ​គ្រប់គ្រង​បុរាណវត្ថុ លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុមការងារ​ និង​បាន​ឯកភាព​ប្រគល់​ភាជន៍​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយរូប លោក ហ៊​ត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល​បាន​ប្រទះឃើញ​រាល់​បុរាណវត្ថុ​នៅ​ទីណា​ក៏ដោយ សូម​ជួយ​គ្នា​ថែរក្សា ​និង​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​រក្សាទុក​ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​សម្រាប់​ដាក់​តាំងនៅ​សារមន្ទីរ​ជូន​ដល់​ប្រជាជន​ខ្មែរ ​ក៏ដូចជា​សាធារណជន​បាន​ស្គាល់​នូវ​ស្នាដៃ​បុព្វ​បុរស​ខ្មែរ​ពី​សម័យមុន​។

អ្នកស្រី សឹង ស្រី​ទូច បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ និង​តម្កល់​ឯកសារ​អង្គរ ជំនាញ​ផ្នែក​កុលាលភាជន៍ បានបញ្ជាក់​ពី​អត្តសញ្ញាណ ​នៃ​វត្ថុ​បុរាណ​ថា ជា​កុលាលភាជន៍​ខ្មែរ កម្ពស់​១៥​សង់ទី​ម៉ែត្រ ទំហំ​១៦​សង់ទីម៉ែត្រ លម្អ​ដោយ​ក្បាច់​ឆ្នូត​គូៗ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត មកពី​ឡ​ទ័ព​ជ័យ ផលិត​នៅ​ចន្លោះ​ស​.​វ​ទី​១១​ ដល់ទី​១៣ ​ក្នុង​សម័យ​អង្គ​។ ក្រោយពី​ទទួល​កុលាលភាជន៍ អ្នក​ជំនាញ​នឹង​យក​ទៅ​លាង​សម្អាត ដក​ជាតិ​អំបិល និង​ជួសជុល​វា​ឲ្យ​បាន​ល្អ មុននឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​តាំង​ពិព័រណ៍​។

​អ្នកស្រី ស្រី​ទូច បាន​បន្ថែមថា មួយរយៈ​ចុងក្រោយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​តម្លៃ​ នៃ​កេរ​មរតក​ដូនតា​ដែល​គាត់​រក​ឃើញ​ដោយ​ចៃដន្យ ហើយ​តែង​យក​វត្ថុ​បុរាណ​ទាំង​នោះ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​អភិរក្ស​និង​រក្សាទុក​។ លោកស្រី​ ក៏បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​លះបង់​របស់ លោក ហៃ ហ៊​ត ក្នុង​ការ​ចូលរួម​ចំណែក​ថែរក្សា​វត្ថុ​បុរាណ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu