សៀមរាប ៖ ស្រះទឹកនៅប្រាសាទអង្គរវត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ ដែលនិយមផ្ដិតយករូបភាពកំពូលប្រាសាទអង្គរវត្តឆ្លុះជាមួយនឹងទឹក។ កម្ដៅថ្ងៃហួតហែងខ្លាំង នារដូវប្រាំង បានធ្វើឲ្យទឹកនៅក្នុងស្រះស្រកលឿន និងបាត់សោភណភាពមួយផ្នែក។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យទាន់ពេល អាជ្ញាធរជាតិអប្សរា បាននិងកំពុងបូមទឹកបញ្ចូលក្នុងស្រះនេះ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិន្ធុប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះខាងត្បូង ឬស្រះប្រុស ដែលការងារនេះ បានចាប់ផ្ដើមពីថ្ងៃទី៣ ខែកុម្ភៈ ដែលពេលនេះការបញ្ចូលទឹកសម្រេចបានប្រមាណ៣០ភាគរយ ស្មើនឹង១៥០០ម៉ែត្រគូប។
លោក ភឿន សុឃីម បន្តថា ស្រះប្រុស នៃប្រាសាទអង្គរវត្តមានទំហំ ៥០x៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន៥០០០ម៉ែត្រគូប ហើយការងារនេះត្រូវប្រើពេលមួយសប្ដាហ៍ទៀត ដើម្បីបញ្ចូលទឹកឲ្យគ្រប់ទៅតាមបរិមាណត្រឹមត្រូវ។ តាមការបញ្ជាក់របស់ លោក ភឿន សុឃីម ការបញ្ចូលទឹកនេះធ្វើឡើងតែស្រះប្រុសតែប៉ុណ្ណោះ ដោយឡែក ស្រះខាងជើង ឬស្រះស្រី ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរផងដែរនោះ អាជ្ញាធរជាតិអប្សរាមិនបានបញ្ចូលទេ ដោយទុកឱកាសឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ធ្វើកំណាយបន្តទៀតក្នុងគម្រោងស្ដារឡើងវិញ នៃរចនាសម្ព័ន្ធស្រះនេះ។
ស្រះទឹកប្រាសាទអង្គរវត្ត គឺជាផ្នែកមួយសំខាន់ដែលភ្ញៀវទេសចរនិយមទស្សនាជាមួយនឹងរូបភាពកំពូលប្រាសាទអង្គរវត្ត ដែលឆ្លុះនៅក្នុងទឹក។ ភ្ញៀវទេសចរនិយមទស្សនានៅទីតាំងទាំងនេះ នៅរាល់ថ្ងៃរះ និងថ្ងៃលិច៕
Source: Kampuchea Thmey Daily
0 Comments