ភ្នំពេញ ៖ ស្ត្រីម្នាក់ រួមនឹងប្ដី ដែលមានមុខរបរជាកម្មករសំណង់ ខិតខំធ្វើការសន្សំលុយ ទើបតែបាន១លានរៀល ទុកដាក់ក្នុងកាបូបត្រឹមត្រូវ ហើយដេកលង់លក់ក្នុងរោងកម្មករសំណង់ ពេលភ្ញាក់ដឹងខ្លួនឡើង ក៏បាត់ថង់លុយនោះ ហើយបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ស្ត្រីរងគ្រោះ ឈ្មោះ ឡេង សុគន្ធ អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ មានប្តី ឈ្មោះ រិន ទីន អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា រួមជាមួយកូនស្រី និងប្អូនស្រី២នាក់ទៀត នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ សម្ភារៈបាត់បង់ ក្នុងកាបូប ត្រូវបានជនរងគ្រោះអះអាងថា បាត់លុយចំនួន១លានរៀល អត្តសញ្ញាណប័ណ្ណ៣សន្លឹក ប្តី ប្រពន្ធ និងកូន សំបុត្រកំណើត និងឯកសារមួយចំនួនទៀត។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា ៣នាក់ប្តីប្រពន្ធ និងកូន ខំធ្វើការងារសន្សំលុយ ទម្រាំបានប្រាក់១លានរៀល បញ្ចេញកម្លាំងបាយ បង្ហូរញើសសស្រាក់ សម្រាប់ពួកគាត់ លាក់ទុកក្នុងកាបូប ហើយនៅយប់ថ្ងៃទី០៦កុម្ភៈ ចូលដេកសម្រាកក្នុងរោងកម្មករ មានតែ៤នាក់ ប្តីប្រពន្ធ កូន និងប្អូនស្រីបង្កើត កាបូបដាក់នៅលើក្បាលដំណេក ហើយលង់លក់ទាំងអស់គ្នា លុះដល់វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី០៧កុម្ភៈ ភ្ញាក់ពីដំណេកងើបបត់ជើងតូច ស្រាប់តែបាត់កាបូបលុយ ដែលរុំនឹងក្រណាត់ ទើបឆោឡោ លុះរហូតដល់ភ្លឺឡើងនេះ នាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យជួយស្រាវជ្រាវក្រែងអាចរកមុខអ្នកលួចឃើញដកហូតបានលុយខ្លះមកវិញ៕
Source: Kampuchea Thmey Daily
0 Comments