ភ្នំពេញ ៖ សំណង់របងសង់រំលោភដីប្រឡាយភ្លោះ ក្នុងតំបន់ហាមឃាត់ ដែលគេស្គាល់ថា ជារបស់ មន្ត្រីយោធាម្នាក់ ឈ្មោះ ប៉ូ គឹមថេង ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ឈូសកម្ទេចចោល បន្ទាប់ពីជូនដំណឹង និងហាមឃាត់មិនស្តាប់។
ការឈូសកម្ទេចរបងរបស់មន្ត្រីយោធានេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ។
លោកស៊ូ សោគន្ធ បានបញ្ជាក់ថា មុនឈានដល់ការរុះរើកម្ទេចចោលនូវរបងទីតាំងសិប្បកម្មលក់ឈើដែលគ្មានច្បាប់ទម្លាប់នេះ, មន្ត្រីយោធា ឈ្មោះ ប៉ូ គឹមថេង បានសង់សំណង់រឹងមាំម្ដងរួចមកហើយ ដើម្បីរំលោភយកដីប្រឡាយភ្លោះទាំងបំពានច្បាប់ ក្នុងតំបន់ហាមឃាត់របស់រដ្ឋ ដែលតំបន់នេះរដ្ឋ គ្រោងធ្វើការពង្រីកបើកផ្លូវ ឲ្យកាន់តែធំទូលាយនៅថ្ងៃក្រោយ។
ជាមួយគ្នានោះ អាជ្ញាធរ ធ្លាប់បានផ្ដល់សេចក្ដីជូនដំណឹងឲ្យផ្អាកជាបន្តបន្ទាប់រយៈពេល៣ដង នៅតែមិនព្រមស្ដាប់ដដែល ទើបឈានដល់ការនាំយកគ្រឿងចក្រ អេស្កាវ័រទ័រ មកឈូសកម្ទេចចោល កាលពីកន្លងមកនេះម្តងរួចហើយ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ទៀតថា ការចុះរុះរើកម្ទេចចោលនេះជាលើកទី២ហើយ ក្រោយពីណែនាំ និងជូនដំណឹងមិនស្តាប់ ព្រោះប្រឡាយភ្លោះ គឺជាតំបន់ហាមឃាត់ រាល់ការសាងសង់សំណង់តូច-ធំទាំងឡាយ ក្នុងការរក្សាឲ្យបាននូវសភាពដើម ព្រោះជាសម្បត្តិរបស់រដ្ឋ និងគ្រោងធ្វើការពង្រីកបើកផ្លូវ ឲ្យកាន់តែធំទូលាយនៅថ្ងៃក្រោយ ទើបមានការណែនាំ ហាមឃាត់ជាបន្តបន្ទាប់ មកដល់អាជ្ញាធរសង្កាត់ភូមិ និងប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងបទដ្ឋានរបស់ស្ថាប័នជំនាញផ្សេងៗ៕
Source: Kampuchea Thmey Daily
0 Comments