ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសបាក់ជើងម្ខាង បន្ទាប់ពីត្រូវបាននារីម្នាក់ បើកឡានកាមរីឆ្លាម១គ្រឿង វ៉ាជែងចូលមកខាងចំណែកផ្លូវអាទិភាពខាងជនរងគ្រោះ ហើយបុកប្រាវ កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុ គ្រាន់តែ ប្រព័ន្ធវិទ្យុទាក់ទងរបស់ស្ថាប័នប៉ូលិសរាយការណ៍ជុំវិញសភាពការណ៍ខាងលើនេះភ្លាម លេចក្បាលឡានគ្លីនិក សុធា រិទ្ធ បែកចាន មកដល់ទីតាំងកើតហេតុភ្លែត ចាប់លើកសាកសព និងជនរងរបួសបាក់ជើងឡើងឡាន ដឹកយកទៅគ្លីនិករបស់គេ នៅឯខាងបែកចាន ទោះជាពលរដ្ឋ សមត្ថកិច្ចឃាត់ឲ្យទុកសាកសព រង់ចាំពិនិត្យស្លាកស្នាមសិនមិនបាន ក្នុងហេតុផលរបស់គាត់ដឹកសាកសពយកទៅសង្គ្រោះសិនក្រែងមានជីវិតឡើងវិញ។
ប្រជាពលរដ្ឋ បាននិយាយថា វប្បធម៌របស់ក្រុមឡានដឹកសព ឲ្យតែមានសពគ្រោះថ្នាក់បែបនេះ ដណ្តើមប្រជែងគ្នា ឡានបើករបូតកង់ចោល សំខាន់ឲ្យបានលើកសពដាក់លើឡានបានមុនគេ បើមិនចឹងទេ ក្រុមអ្នកកាងដឹកសពក្នុងទីក្រុងមកក្រោយ ក៏ដណ្ដើមយកសពបាន ទើបឡាន សុធា រិទ្ធ បែកចាននេះ ប្រញាប់លើកសពដាក់លើឡានហើយ បើករត់គេចទៅបាត់ រកតែសមត្ថកិច្ចពិនិត្យស្លាកស្នាមមិនបាន សង្ស័យម្ចាស់គ្លីនិក ណែនាំឲ្យដណ្ដើមគ្នាបែបនេះហើយ ទើបពួកគេខំប្រឹងណាស់ដើម្បីបានលាភសក្ការៈពីសព ឬជនរងគ្រោះ។
មុនកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកកាមរីឆ្លាម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K-4872 បើកបរដោយស្ត្រីម្នាក់ បើកបោះពួយល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត វ៉ាជែងគេឯងជាបន្តបន្ទាប់ ដល់ចំណុចកើតហេតុ រថយន្តបានបើកចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់ ដែលបើកពីកើតទៅលិចច្រាសទិសគ្នា មួយគ្រឿង ម៉ាកហុងដា សេ១២៥ និងមួយគ្រឿងទៀត ម៉ាក ហុងដាវ៉េវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ម្នាក់ទៀតរងបាក់ជើង រីឯស្ត្រីជាអ្នកបើកបររថយន្ត ត្រូវបានប៉ូលិសប៉ុស្តិ៍នៅជាប់ទីនោះឃាត់បានភ្លាមៗប្រគល់ឲ្យការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការដោះស្រាយតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments