Ad Code

ចាប់​ខ្លួន​ឧក្រិដ្ឋជន​ស្បែក​ស ​ស្បែក​ខ្មៅ​៥​នាក់ ​ដែល​បញ្ជូន​គ្រឿងញៀន​ជិត​៥​គីឡូ​ឆ្លងដែន​ទៅ​ញូសឺឡែន



ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​ជន​បរទេស​ស្បែក​ស និង​ស្បែក​ខ្មៅ​ចំនួន​៥​នាក់ រួម​ទាំង​ថ្នាំញៀន​ជិត​៥​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន និង​រឹបអូស​ថ្នាំញៀន​ទាំងនោះ​មុន​ពេល​ពួកគេ​បញ្ជូន​ឆ្លងដែន​ទៅ​ក្រៅប្រទេស។​

ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​៥​នាក់​ ដែល​ត្រូវ​ចាប់ខ្លួន​ ទី​១.​ឈ្មោះ AZUBAM CELESTINE EMEKA ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា (​ជា​មេខ្លោង​) ស្នាក់នៅ​អា​ផាត​មិន​ លេខ​១០១ ផ្លូវ​៤៩៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​ថ្នាំញៀន ៣​កញ្ចប់ ។ ទី​២.​ឈ្មោះ OLARU NARCIS MANUEL ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​រ៉ូ​ម៉ា​នី។​ ទី៣.​ឈ្មោះ LIXANDRU VASILE NICOLAE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​រ៉ូ​ម៉ា​នី។​ ទី៤.​ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា។​ ទី​៥.​ឈ្មោះ NGWU HILLARY MMADU ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា។

លោក ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា វត្ថុតាង​សមត្ថកិច្ច​ចាប់​យក​រួមមាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ ចំនួន​៤​កញ្ចប់ ស្មើ​នឹង​ទម្ងន់​៤​គីឡូ ៦៥១​ក្រាម និង​ម្សៅ​សង្ស័យ​គ្រឿង​ញៀន​៣​កញ្ចប់​ទៀត។ លទ្ធផល​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ គឺ​ដោយមាន​កិច្ច​សហ ប្រតិបត្តិការ​តស៊ូ​មតិ និង​ផ្ត​ល់​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ជាតិ នៃ​ប្រទេស​ជប៉ុន កាល​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដីពី​ការ​ចាប់​បង្ក្រាប​មុខសញ្ញា​ជនជាតិ​កាណាដា ពី​បទ​ជួញដូរ​គ្រឿងញៀន នៅ​ទីក្រុង​តូ​ក្យូ រួច​មក។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ជប៉ុន មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការ​ស៊ើបអង្កេត ដឹង​ច្បាស់​ថា​ មាន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​បាននិងកំពុង​លាក់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត។ ក្រុម​នោះ បាន​មាន​គោល​បំណង​រៀបចំ​ដឹកជញ្ជូន​គ្រឿងញៀន​ជិត​៥​គីឡូ តាម​រថយន្ត​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ដើម្បី​នាំ​ឆ្លងដែន​ទៅកាន់​ប្រទេស​ញូសឺឡែន។​

ក្រោយពី​មាន​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​ហើយ លុះដល់​កាល​វេលា​ដែល​ជនសង្ស័យ​ប្រមូល​ផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស សមត្ថកិច្ច​ក៏​បង្ក្រាប​បាន​ទាំង​សម្បុក​ រួមទាំង​គ្រឿងញៀន​ដែល​គេ​រៀបចំ​បញ្ជូន​ទៅ​បរទេស​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu