បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលបុរសរងគ្រោះរូប នេះ បានបើកបរម៉ូតូឆ្លងកាត់ផ្លូវធំ ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តដែលកំពុងបោះពួយនៅលើផ្លូវធំ បុកប៉ើងតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសារតែភាគីម៉ូតូ ដែលបើកបរដោយ ឈ្មោះ អ៊ុន ថន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន បើកបរក្នុងទិសដៅខ្វែងគ្នា ដោយបានឆ្លងកាត់ផ្លូវធំគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យរថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-AI 7046
បុកស្លាប់តែម្ដង។
បច្ចុប្បន្ន ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យរួចហើយ ដោយឡែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿង និងអ្នកបើកបររថយន្ត ក៏បាននាំយកទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ ដោយត្រូវបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត៕
Source: Kampuchea Thmey Daily
0 Comments