Ad Code

សហរដ្ឋអាមេរិក​ គាំទ្រ​គម្រោង​បណ្ដុះបណ្ដាល សរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ ដល់​សិស្ស​នារី​កម្ពុជា​



​ភ្នំពេញ ​៖ ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា​ USAID បាន​គាំទ្រ​គម្រោង​បណ្ដុះ​បណ្ដាល សរសេរ​កូដ កម្មវិធី​កុំព្យូទ័រ​ដល់​សិស្ស​នារី​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី​១០ ទៅដល់ ១៨​ឆ្នាំ​កំពុង​រៀន​នៅ​កម្រិត​មធ្យមសិក្សា​ ដើម្បី​ទទួលបាន​ការសិក្សា​លើ​ជំនាញ បច្ចេកវិទ្យា​ព័ត៌មាន នៅ​សកល​វិទ្យាល័យ​។​

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានអោយដឹងថា គម្រោង Sisters of Code របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​សម្រាប់​ការបណ្ដុះបណ្ដាល​ទៅដល់​ក្មេងស្រី​ចំនួន​១៥​នាក់ មកពី​វិទ្យាល័យ​ព្រះស៊ី​សុវត្ថិ និង វិទ្យាល័យ ហ៊ុនសែន សេរីភាព​នេះ គឺជា​ការផ្តល់អំណាច​ដ​ល់​ពួកគេ​ដើម្បី​អនាគត​ឌីជីថល​ដ៏​ជោគជ័យ​មួយ​នៅ​កម្ពុជា​។​

យោងតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ USAID នៅ​បង្ហោះ​កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ទៀតថា គម្រោង Sisters of Code នេះ គឺជា​ក្លឹប​សរសេរ​កូដ​សម្រាប់​ក្មេងស្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​លើកទឹកចិត្ត​ដល់​សិស្សស្រី​អាយុ​ពី ១០ ទៅ ១៨ ឆ្នាំ រៀន​ជំនាញ​សរសេរ​កូដ បង្កើត​ទំនុកចិត្ត​លើ​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ និង​មានឱកាស​ចាប់​យក​អាជីព​​ការងារ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នាពេល​អនាគត​។​

ការប្រកាស​គាំទ្រ​នេះ ធ្វើឡើង​បន្ទាប់ពី ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទៅ​៣០​មករា បានសម្រេចឲ្យ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ធ្វើការ​សហការ​ជាមួយ IT Academy STEP Cambodia ដើម្បី​រៀបចំ​នីតិវិធី​ផ្សព្វផ្សាយ ជ្រើសរើស​សិស្ស​នារី​ចំនួន​១៥​នាក់​ពីសា​លា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង វិទ្យាល័យ ​ហ៊ុន សែន សេរីភាព ក្នុងការ​អនុវត្ត​សាកល្បង​គម្រោង Sister of Code ដោយ​ផ្ដោត​សំខាន់​លើ​ការបង្រៀន​នូវ​ចំណេះដឹង​មូលដ្ឋាន ផ្នែក​សរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ ដល់​សិស្ស​នារី កំពុង​រៀន​នៅ​កម្រិត​មធ្យមសិក្សា​លើ​មុខវិជ្ជា បច្ចេកវិទ្យា​ព័ត៌មាន នៅ​សាកលវិទ្យាល័យ និង​មានឱកាស​ចាប់យក​អាជីព​វ​ការងារ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា​នាពេល​អនាគត​។​

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​បញ្ជាក់ទៀតថា ការជ្រើសរើស​បេក្ខជន​នារី​នេះ ត្រូវធ្វើឡើង​ចំពោះ​សិស្ស​នារី​ណា ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន មានចំណេះដឹង​ជា​មូលដ្ឋាន​ទៅលើ​ការប្រើប្រាស់​កុំព្យូទ័រ និង​មានចំណេះដឹង ផ្នែក​ភាសា​អង់គ្លេស​កម្រិត​មធ្យម តាមរយៈ​ការដាក់​ពាក្យសុំ​ចូលរៀន​ដែលមាន​ការអនុញ្ញាត​ពី​អាណាព្យាបាល​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu